ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

បេក្ខជនចំនួនជាង១.៧០០នាក់ អវត្តមាននៅថ្ងៃប្រឡង

វិទ្យុជាតិកម្ពុជា៖ដោយលោកវ៉ាង ភក្តី
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប នៅថ្ងៃទី១នេះ មានបេក្ខជនអវត្តមានសរុបចំនួន១.៧០៨នាក់ ក្នុងនោះស្រី ចំនួន៦៩២នាក់។
ក្រសួង បានបញ្ជាក់ថា នៅថ្ងៃទី១នៃការប្រឡងនេះ គឺមានបេក្ខជនចូលរួមប្រឡងតែ ១១៥. ២៦៨នាក់ប៉ុណ្ណោះ ក្នុងនោះស្រីចំនួន៥៨.១៥៨នាក់។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០១៨នេះ បាននឹងកំពុងធ្វើឡើងនៅទូទាំងប្រទេស ពីថ្ងៃទី២០-២១ខែសីហា ដោយមានបេក្ខជនបានដាក់ពាក្យចូលរួមប្រឡងសរុប១១៧. ០៦១នាក់ ដោយចែកចេញជា១៩៥មណ្ឌល ស្មើនឹង៤.៧១៦បន្ទប់ នៅតាមរាជធានីខេត្ត។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដំណើរការសំណេរថ្ងៃទី១នេះ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ដោយនៅតាមមណ្ឌលប្រឡងនីមួយៗ បានដំណើរការដោយភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈកម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់មន្ត្រី អ្នកសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

ជាទូទៅបេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ ដោយពុំមាននាំមកជាមួយនៅសំណៅឯកសារ ឬឧបករណ៍ហាមឃាត់ឡើយ និងប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។

ក្រសួងអប់រំ បានឱ្យដឹងទៀតថា បេក្ខជនប្រព្រឹត្តកំហុសឆ្គងមានចំនួន៤ករណី ក្នុងនោះករណីដកហូតទូរស័ព្ទដៃមាន៣ករណី និងនាំសំណៅឯកសារចូលចំនួន១ករណី។

ដោយឡែកមានបេក្ខជនមានបញ្ហាសុខភាពធ្ងន់ធ្ងរចំនួន១១ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម ករណីបេក្ខជនគ្រោះថ្នាក់ចរាចរណ៍ចំនួន១ករណី និងមាន១ករណី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងពុំអាចត្រឡប់មកបន្តការប្រឡងបាន។ ជាមួយគ្នានេះ បុគ្គលិកអប់រំមានកំហុសឆ្គងដោយប្រើទូរស័ព្ទដៃមាន១ករណី ត្រូវបានបញ្ឈប់មិនអនុញ្ញាតឱ្យបន្តការងារ។

ការប្រឡងឆ្នាំនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានដាក់អ្នកសង្កេតការណ៍ឃ្លាំងមើល ជាង៥.០០០នាក់ ក្នុងនោះមណ្ឌលប្រឡងនៅភ្នំពេញមានជាង៩០០នាក់ ខណៈសហភាពសហព័ន្ធយុវជនកម្ពុជា ក៏សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទុបស្កាត់ការលួចចម្លងមេរៀន ឬ អំពើពុករលួយក្នុងពេលប្រឡងនេះ៕