ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលភ្នំពេញ ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ បន្ថែមផែនការរឹតបន្តឹងការងារចុះល្បាត និងបង្រ្កាបបទល្មើសគ្រឿងញៀនឲ្យបានជាប្រចាំ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ ក្នុងកិច្ចប្រជុំ គណៈកម្មាធិការ ត្រួតពិនិត្យ គ្រឿងញៀន នៅរដ្ឋបាលរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព និងជាប្រធានគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និង សមត្ថកិច្ចពាក់ព័ន្ធទាំងអស់សុំឲ្យបន្តការងាររឹតបន្តឹងការចុះល្បាត និងបង្រ្កាបនូវរាល់បទល្មើស ជាពិសេស ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដើម្បីផ្តល់នូវសេចក្តីសុខ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា គ្រឿងញៀនពិតជាបានធ្វើឱ្យប៉ះពាល់ដល់ធនធានដ៏មានសក្កដានុពលរបស់ប្រទេសជាតិដូច្នេះត្រូវរួមគ្នា ការពារ ទប់ស្កាត់ ឱ្យបានខ្លាំងក្លាបំផុត នូវការប្រើប្រាស់ ការជួញដូរ ការធ្វើចរាចរគ្រឿងញៀន នៅក្នុងរាជធានីភ្នំពេញអោយបាន។ ឯកឧត្តម បន្តថា កន្លងមក មានអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធមួយចំនួន ហាក់មានការព្រងើយកណ្តើយ ចំពោះការបង្រ្កាប ការផ្សព្វផ្សាយ អប់រំ អំពីផលប៉ះពាល់នៃគ្រឿងញៀន ទៅដល់មហាជន យុវជន ធ្វើឱ្យការប្រើប្រាស់គ្រឿងញៀន ត្រូវបានគេមើលឃើញថា មានករណីកើតឡើងជាច្រើន ជាពិសេសនៅពេលថ្មីៗនេះ មានការណីចរាចរគ្រឿងញៀនដ៏ធំមួយ ដែលត្រូវ កម្លាំងមានសមត្ថកិច្ច សហការគ្នាអន្តរាគមន៍ និងចាប់បាននៅក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានឲ្យដឹងទៀតថា ការទប់ស្កាត់គ្រឿងញៀន ទទួលជោគជ័យទៅបាន គឺ មិនមែនជាបន្ទុករបស់ស្ថាប័នណាមួយ ឬ បុគ្គលណាម្នាក់នោះទេ គឺជាការចូលរួមចំណែក ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ឪពុក ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ព្រះសង្ឃនិងប្រជាពលរដ្ឋទាំងអស់ ដើម្បីជោគវាសនា អនាគត កូនចៅរបស់យើងទាំងអស់គ្នា។ ឯកឧត្តម បញ្ជាក់ថា ការកោះប្រជុំ គណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញនេះ គឺ ដើម្បីបង្កើនការប្រុងប្រយ័ត្ន រឹតបន្តឹង ទប់ស្កាត់ និងជុំរុញបន្ថែមផែនការអប់រំ ផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀត ទើបអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព នឹងបង្កើនភាពកក់ក្តៅជូនប្រជាពលរដ្ឋ តាមអនុសាសន៍ ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺ បំរើរាស្រ្តដោយស្មោះត្រង់បំផុត និងបំរើកាន់តែកើនឡើងទ្វេរ ដងថែមទៀត ។