ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វៀតណាម និងជប៉ុនចែករំលែកបទពិសោធន៍ក្នុងការកសាងទីក្រុងឆ្លាតវៃ

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ — កាលពីថ្ងៃទី១៨ ខែសីហា នៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងនៅខេត្ត Quang Nam ក្រុមអ្នកជំនាញរបស់វៀតណាម និងជប៉ុន បានចែករំលែកបទពិសោធន៍គ្នាអំពីការកសាង និងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃរួមជាមួយនឹងការការពារបរិស្ថាន។
ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃទិវាវប្បធម៌ជប៉ុននៅខេត្ត Quang Nam ដើម្បីអបអរសាទរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុន ថ្ងៃទី(២១ ខែកញ្ញា ឆ្នាំ ១៩៧៣)។

លោក Nguyen Hong Quang ប្រធានមន្ទីរព័ត៌មាន និងទូរគមនាគមន៍ខេត្ត បាននិយាយថា ទីក្រុងឆ្លាតវៃ គឺជាគំរូនៃការគ្រប់គ្រងទីក្រុងដែលប្រើបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ជាឧបករណ៍ដ៏សំខាន់មួយដើម្បីដោះស្រាយបញ្ហាក្នុងការអភិវឌ្ឍទីក្រុង។

គំរូនេះអាចជួយដល់អាជ្ញាធរមូលដ្ឋានក្នុងការវិភាគ រៀបចំផែនការ និងធ្វើសេចក្តីសម្រេចចិត្តដើម្បីបម្រើឱ្យជីវិតមនុស្សបានល្អប្រសើរ។ នៅក្នុងសិក្ខាសាលានេះ ក្រុមអ្នកជំនាញបានចែករំលែកនូវគំរូជោគជ័យរបស់ទីក្រុងឆ្លាតវៃនៅក្នុងប្រទេសវៀតណាម និងជប៉ុន។ ពួកគេបានដាក់ចេញនូវដំណោះស្រាយមួយចំនួន ដើម្បីបង្កើតទីក្រុងឆ្លាតវៃអេកូឡូស៊ី បរិស្ថាន ស្អាត និងការសន្សំសំចៃថាមពល។

នៅចុងឆ្នាំ ២០១៧ វៀតណាមមានតំបន់ទីក្រុងជាង ៨០០។ អត្រានគរូបនីយកម្មបានកើនឡើងយ៉ាងឆាប់រហ័សពី ២៣,៧ភាគរយនៅក្នុងឆ្នាំ ១៩៩៩ ដល់ ៣៧,៥ភាគរយនៅក្នុងឆ្នាំ ២០១៧។ ទោះបីជាយ៉ាងនេះក្តី ប្រទេសវៀតណាមកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាបច្ចេកទេសខ្សោយនៃហេដ្ឋារចនាសម្ព័ន្ធ កង្វះទឹក គ្រោះទឹកជំនន់ និងការបំពុលបរិស្ថាន។

នៅក្នុងខេត្ត Quang Nam កិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃតំបន់ទីប្រជុំជនត្រូវបានអនុវត្តតាំងពីឆ្នាំ ២០១៥ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០២០ ។ ទីក្រុង Tam Ky ត្រូវបានគេជ្រើសរើសដើម្បីកសាងជាទីក្រុងឆ្លាតវៃ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)