ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានាធិបតីឥណ្ឌូណេស៊ី ជួបជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីចិន

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ — ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ហ្សូកូ វីដូដូ ( Joko Widodo ) កាលពី​ថ្ងៃសៅរ៍ បានជួបជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ( Xi Jinping ) លោកស្រី ស៊ុន ជុនឡាន ( Sun Chunlan ) ដែលត្រូវបានអញ្ជើញឱ្យចូលរួមពិធីបើកល្បែងកីឡាអាស៊ី (​Asian Games ) ឆ្នាំ​២០១៨ ។
លោកស្រី ស៊ុន ឧបនាយករដ្ឋមន្ត្រីចិន បានពាំនាំនូវសារជាលើកដំបូងពីប្រធានាធិបតី ស៊ី ដែលបានសំដែងការស្វាគមន៍យ៉ាងរាក់ទាក់ ព្រមទាំងជូនពរដល់ប្រធានាធិបតី ហ្សូកូ នឹងជូនពរដល់កីឡាអាស៊ី ឆ្នាំ ២០១៨ ឱ្យទទួលបានជោគជ័យទាំងស្រុង ។

នៅក្នុងសារនោះលោក ស៊ី បានវាយតម្លៃខ្ពស់ដល់ការសម្រេចបានដែលគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងចិន – ឥណ្ឌូណេស៊ី ដោយលោកនិយាយបន្ថែមថា នៅក្រោមស្ថានការណ៍អន្តរជាតិដែលស្មុគ្រស្មាញ នឹងមានការផ្លាស់ប្តូរនោះ ភាគីទាំងពីរ គួរតែធ្វើកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែជិតស្និទ្ធ ប្រកាន់យកនូវជំហរដាច់ខាតមួយ ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មសេរីជាសកល និងប្រកាន់ខ្ជាប់នូវគោលការណ៍នៃកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ព្រមទាំងការអភិវឌ្ឍរួម​។

លោកស្រី ស៊ុន បាននិយាយថា ​ជាមួយគោលការណ៍ជាជាយុទ្ធសាស្ត្ររបស់លោក ស៊ី និង លោក ហ្សូកូ ចំណងទាក់ទងចិន – ឥណ្ឌូណេស៊ី ទទួលបានការជឿនលឿនយ៉ាងលឿន ព្រមទាំងបានផលប្រយោជន៍ទៅវិញទៅមក ។

លោកស្រី បាននិយាយបន្ថែមថា ចិនមានឆន្ទៈធ្វើការជាមួយឥណ្ឌូណេស៊ី ដើម្បីពង្រឹងការទាក់ទងគ្នាជាយុទ្ធសាស្ត្រ ,​ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង, ជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន , បង្កើនការសម្របសម្រួលគ្នា ស្តីពីកិច្ចការពហុភាគី ព្រមទាំងពង្រឹងថែមទៀតទំនាក់ទំនងទ្វេភាគីជាមួយ ឥណ្ឌូណេស៊ី ។

លោក ហ្សូកូ បានអរគុណសាររបស់លោក ស៊ី នឹងស្នើដល់លោកស្រី ស៊ុន ឱ្យពាំនាំការជូនបវរ សួស្តីរបស់លោក ជូនលោក ប្រធានាធិបតី ស៊ី ។ ប្រធានាធិបតីឥណ្ឌូណេស៊ីបាននិយាយថា ការចាត់តាំង លោកស្រី ស៊ុន ធ្វើជាបេសកជនពិសេសរបស់ប្រធានាធិបតី ស៊ី បង្ហាញឱ្យឃើញយ៉ាងពេញលេញនូវសារសំខាន់ដែលចិនបានយកចិត្តទុកដាក់ចំពោះប្រទេសឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍កីឡា ព្រមទាំងបុព្វហេតុនៃចលនាអូឡាំពិកនៅអាស៊ី ។

លោក ហ្សូកូ បាននិយាយបន្ថែមថា ប្រទេសឥណ្ឌូណេស៊ីឱ្យតម្លៃដល់ទំនាក់ទំនងជាមួយប្រទេសចិន ព្រមទាំងមានជំនឿនៅក្នុងអនាគតនៃទំនាក់ទំនងចិន – ឥណ្ឌូណេស៊ី ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )