ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណៈប្រតិភូកីឡាកម្ពុជា អញ្ជើញទៅដល់ប្រទេសឥណ្ឌូណេស៊ីហើយ ដើម្បីចូលរួមក្នុងការប្រកួតកីឡាអាស៊ី លើកទី១៨

AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកបានដឹកនាំ គណៈប្រតិភូអញ្ជើញទៅចូលរួមក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ ដោយបានជួប សំណេះសំណាល ជាមួយកីឡាករ កីឡាការិនី និងគ្រូ បង្វឹកទាំងអស់ មុននឹងការចាប់ផ្ដើមប្រកួត កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅភូមិ កីឡា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ ការជួបសំណេះសំណាលនេះ ក៏មានវត្ដមាន ចូលរួមរបស់ ឯកឧត្តម ហោ ណាំបូរ៉ា ឯកអគ្គរាជទូកកម្ពុជាប្រចាំឥណ្ឌូណេស៊ី ផងដែរ។

ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានប្រតិភូ បានក្រើនរម្លឹកដល់មន្រ្តី គ្រូបង្វឹក កីឡាករ កីឡាការិនី ដោយលើកឡើង អំពីដំបូន្មានដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា ធ្វើយ៉ាងណាត្រូវរក្សាកិត្តិយសជាតិ កុំរំលោភវិធានកីឡា និងកុំប្រើប្រាស់សារធាតុលើកកម្លាំងខុសច្បាប់កីឡា។

ឯកឧត្តមក៏បានណែនាំដល់កីឡាករ កីឡាការិនីទាំងអស់ ត្រូវថែរក្សាសុខភាព ខិតខំ ហ្វឹកហាត់ និងត្រៀមស្មារតីប្រកួត ឱ្យបានទទួលជ័យជម្នះ ជាពិសេសការស្នាក់នៅរួមជាមួយ ប្រទេសផ្សេងៗទៀតត្រូវគោរពស្រឡាញ់គ្នាជាមិត្តភាព ទន់ភ្លន់ រួសរាយទាក់ទាក់។

ឯកឧត្តមជូនពរឱ្យកីឡាករ កីឡាការិនីកម្ពុជាទាំងអស់ ទទួលបានជោគជ័យក្នុងការ ប្រកួតនេះ។ ក្រៅពីនោះ គណៈប្រតិភូកម្ពុជា ក៏ត្រូវបាន ម្ចាស់ផ្ទះស្វាគមន៍ ក្នុងពិធីគោរពទង់ ជាតិ ការមកដល់របស់ប្រតិភូកម្ពុជាផងដែរ៕

ដោយ ហេង ណាលីន