ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកជំទាវ ឃុន រចនា នាំយកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រគល់ឱ្យអាជ្ញាធរខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨​ –លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បាននាំយកវិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៧-២០១៨ ប្រគល់ ជូនឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលាខេត្ត ព្រះសីហនុ កាលពីថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃសុកទី១៧ ខែសីហា ឆ្នាំ២០១៨។

លោកជំទាវ ឃុន រចនា បានមានប្រសាសន៍ថា រដ្ឋបាលខេត្តព្រះសីហនុបានចូលរួម ចំណែកក្នុងវិស័យអប់រំ ហើយថ្មីៗ​នេះឯកឧត្តមអភិបាលខេត្ដក៏បានចូលរួម ជួបសំណេះ សំណាលលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡង​សញ្បត្រ​មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៧-២០១៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ ខាងមុខ ។

លោកជំទាវ​ បានបន្តថា ក្នុងនាមរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា សូមថ្លែងអំណរ គុណឯកឧត្តមអភិបាល ខេត្ត ដែលបានជួយសម្រួលការផ្ញើកង់ ម៉ូតូរបស់សិស្ស ពិសេស កន្លែងស្នាក់នៅរបស់សិស្ស ដែលមកពី ស្រុកឆ្ងាយមក ប្រឡងនៅពេលខាងមុខ។

លោកជំទាវ បានលើកឡើងថា ការប្រឡងសញ្ញាបត្រមធ្យមឋិក្សាទុតិយភូមិឆ្នាំនេះ ក៏មិនខុសផ្លែកពីឆ្នាំមុនដែរ ក្រសួង បានរៀបចំឱ្យមានអ្នកសង្កេតការណ៍ និងមន្ត្រីអង្គភាព ប្រឆាំងអំពើរពុករលួយចូលរួម ដើម្បីឱ្យការ ប្រឡងប្រព្រឹត្តិទៅ ប្រកបដោយគុណភាព តម្លាភាព បង្កើនសមត្ថភាពរបស់សិស្ស។ ដោយឡែកនៅខេត្តព្រះសីហនុ មានមណ្ឌលប្រឡងចំនួន០៥ ក្នុងនោះក្រុងព្រះសីហនុមាន០៣មណ្ឌល គឺមណ្ឌលវិទ្យាល័យក្រុង មណ្ឌ លប្រឡងអនុ វិទ្យាល័យ សម្តេចឪ និងមណ្ឌលប្រឡងផ្សារលើ ហើយ ០២មណ្ឌល នៅស្រុកព្រៃនប់ គឺនៅ មណ្ឌលវិទ្យាល័យវាលរេញខាងជើង និងខាងត្បូង ស្មើរនឹង ៧៣បន្ទប់ ដែលមានបេក្ខ ជនប្រឡង១.៧៣០នាក់។

លោក អ៊ឹម ឧត្តម មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ការប្រឡងសញ្ញា បត្រទុតិយភូមិនៅ ខេត្តព្រះសីហនុ អង្គភាពប្រឆាំងអំពើពុករលួយមានមន្ត្រីចំនួន១០នាក់ ចូលរួមសង្កេតការណ៍ ក្នុងនោះ ០៧នាក់ នៅមណ្ឌលប្រឡង ក្រុងព្រះសីហនុ និង០៣នាក់ នៅ មណ្ឌលប្រឡងស្រុកព្រៃនប់ ហើយក៏មានអ្នកសង្កេតការណ៍ ចំនួន៨៧រូបផ្សេងទៀត បាន ចូល រួមសង្កេតការណ៍នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តព្រះសីសហនុ។

ឯកឧត្តម យន្ត មីន អភិបាលខេត្ដព្រះសីហនុបានស្វាគមន៍តំណាងក្រសួងអប់រំ និង អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានយកចិត្តទុកដាក់ចូលរួមសង្កេតការណ៍ប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តព្រះសីហនុ ដែលរដ្ឋបាលខេត្តបានរៀបចំរួចរាល់ហើយ នូវសន្តិសុខ សុវត្ថិភាពតាមមណ្ឌលប្រឡងទាំង៥។ ក្នុងនោះ ០៣មណ្ឌល នៅក្រុងព្រះសីហនុ និង០២មណ្ឌល នៅស្រុកព្រៃនប់ មណ្ឌលប្រឡងស្រុកព្រៃនប់ មានបេក្ខជនមកពី ស្រុកព្រៃនប់ និងស្រុកកំពង់សិលា ដោយឡែកមណ្ឌលប្រឡងក្រុងព្រះសីហនុ មានបេក្ខជនមកពីក្រុងព្រះ សីហនុ និងស្រុកស្ទឹងហាវ ៕

 

ដោយ ងូ សុមុនី