ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាកសាងជាតិ និងបំរើប្រជាពលរដ្ឋអោយកាន់តែខ្លំាងក្លាទៅមុខទៀត

វិទ្យុជាតិកម្ពុជា៖ លោកហុក សុរិន

ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តខិតខំកសាងជាតិ និងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចំរើនទៅមុខទៀត ដើម្បីឲ្យប្រជាពលរដ្ឋបានរស់នៅកាន់​​តែសម្បូរ​សប្បាយ។

 យោងតាមខ្លឹមសារលិខិតរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកកម្ពុជាដែលបានទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៧ ខែសីហា សម្តេចតេជោនាយក រដ្ឋមន្រ្តីនឹងរៀបចំសមាសភាពរាជរដ្ឋាភិបាលបញ្ជូនទៅព្រឹទ្ធសមាជិកនៃរដ្ឋសភា នីតិកាលទី៦ ដើម្បីសុំការផ្តល់សេចក្តីទុកចិត្ត ពីសមាជិកសមាជិការនៃរដ្ឋសភា ដែលនឹងប្រជុំនៅថ្ងៃទី៦ ខែ កញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។

 

សម្តេចតេជោបានបញ្ជាក់ថា ដើម្បីជាកិច្ចតបស្នងនឹងការសព្វព្រះរាជហឫទ័យរបស់ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ដែលបានប្រោសព្រះរាជទាន ព្រះរាជក្រឹត្យចាត់  តំាង សម្តេចតេជោធ្វើ ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅអណាត្តិទី៦បន្តទៀតនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្តេជ្ញាខិតខំអស់ពីកម្លំាងកាយចិត្ត និងស្មារតី ដើម្បីបំពេញភារៈកិច្ចដ៏វិសេសវិសាលនិងឧត្តុង្គឧត្តម ក្នុងកិច្ចការបំរើប្រទេសជាតិ មាតុភូមិ និងប្រជារាស្រ្តទូទំាង ប្រទេស អោយបានសមទៅនឹងព្រះរាជហឫទ័យ​​យកចិត្តទុក​ដាក់របស់ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ចំពោះ កូន ចៅ ចៅទួតរបស់ព្រះអង្គ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានទូលថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះរាជសុខភាពមាំមួន ព្រះកាយពល​សិរីវឌ្ឍា ព្រះបញ្ញាញាណភ្លឺថ្លា ឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ជារយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គគង់ប្រថាប់ជាម្លប់យ៉ាងត្រជាក់ត្រជុំ សុដុមរមនា របស់មាតុភូមិកម្ពុជាជារៀងរហូតតទៅ៕