ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជាចង់ឲ្យភាគីចិនអោយជួយទិញស្វាយកែវរមៀតបន្តទៀតបន្ទាប់ពីចេកអំបូងលឿង

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោកហុក សុខរិន

ភ្នំពេញ៖ ក្រសួងកសិកម្មចង់អោយភាគីចិនអោយជួយទិញស្វាយកែវរមៀតរបស់កម្ពុជាបន្តទៀតបន្ទាប់ពីចេក​អំបូងលឿង ដើម្បីលើកស្ទួយតម្លៃទីផ្សារស្វាយនៅកម្ពុជា។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានអោយដឹងថា កក្រសួងកសិកម្មត្រៀមចរចារជាមួយភាគីចិន នៅ​​ពេលឆាប់ៗ​ដើម្បីបើកផ្លូវអោយដំណាំស្វាយកែវរមៀត របស់កម្ពុជាអាចនាំចេញទៅ​កាន់ទីផ្សារប្រទេស​ចិន​បាន​បន្តទៀត ដើម្បីដោះស្រាយវិបត្តិទីផ្សារស្វាយកែវរមៀតនៅកម្ពុជា។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្មបានអោយដឹងកាលពីពេលថ្មីៗនេះថា គម្រោងនាំចេញស្វាយកែវរមៀតទៅកាន់ប្រទេសចិននេះ នឹងត្រូវធ្វើឡើងដូចគម្រោងនាំចេញ ភោគផលចេកអំបូងផងដែរ គឺត្រូវភ្ជាប់ជាមួយកិច្ចសន្យាមួយចំនួនដូចជាការកំណត់តម្លៃទិញលក់នៃប្រភេទទំហំស្វាយនីមួយ ដើម្បីកុំអោយកសិករខាតបង់ចំពោះប្រភេទស្វាយដែលមិនត្រូវប៉ាន់។ យ៉ាងណាក៏ដោយឯកឧត្តមបានបញ្ជាក់ថា ដើម្បីនាំចេញផលិតផលឬផ្លែឈើណាមួយទៅក្រៅប្រទេសបានទាល់តែអនុឡោមទៅតាមស្តង់ដារនៃតម្រូវការប្រទេសទទួល។ ក្នុងនោះរួមមានទំាងការចុះបញ្ជី ត្រួតពិនិត្យ ប្រព័ន្ធភូតគាមអនាម័យ និងបច្ចេកទេសនៃការដំាដុះថែមទៀតផង។

ការឈានទៅចង់បើកទីផ្សារនាំចេញស្វាយកែវរមៀតនៅកាន់តែទីផ្សារប្រទេសចិននេះ បានឡើងដោយសារតែកម្ពុជាមិនទាន់មានសមត្ថភាពក្នុងការកែច្នៃដំណាំប្រភេទនេះទៅជា ផលិតផលផ្សេងសម្រេចទៀត ដូចជាស្វាយក្រៀម ឬទឹកស្វាយជាដើមសម្រាប់ផ្គត់ផ្គងក្នុងស្រុកនៅឡើយ

សូមបញ្ជាក់ថា លក្ខណៈពិសេសដែលស្វាយកែវរមៀតអាចនាំចេញទៅក្រៅប្រទេសបាន ដោយសារស្វាយ ប្រភេទនេះអាចបរិភោគបានតំាងពីខ្ចីរហូតដល់ទុំ ព្រមទំាងទុកបានយូររហូតដល់១ខែទៀតផង