ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កុមារកម្ពុជាចំនួន៧នាក់ដែលមានជំងឺបេះដូងពីកំណើតមានភព្វសំណាងបានទៅព្យាបាល នៅប្រទេសថៃអោយឥតគិតថ្លៃ

វិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ធីណា ឌីណេ

ភ្នំពេញ៖គម្រោងមូលនីធិសប្បុរសធម៌ព្យាបាលជំងឺបេះដូងនៅកម្ពុជា គ្រោងបញ្ជូលកុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើត ចំនួន៧នាក់ ទៅព្យាបាលនៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ប្រទេសថៃនៅពេលឆាប់ៗខាងមុខនេះ ដើម្បីផ្តល់សេចក្តីសង្ឃឹមអោយកុមារកម្ពុជា មានសុខភាពល្អដូចកុមារដ៏ទៃទៀត ជាពិសេសកុំអោយអាណាព្យាបាលពួកគាត់បាក់ទឹកចិត្ត ចំពោះជម្ងឺនេះ។
គម្រោងមូលនីធិសប្បុរសធម៌ព្យាបាលជំងឺបេះដូងនៅកម្ពុជានេះបានបង្កើតឡើងក្រោមកិច្ចសហការរួមគ្នារវាងមូលនីធិក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសម្តេចតេជោហៅកាត់ថា ធីដា និងមន្ទីរពេទ្យបំរ៉ុងរ៉ាត់របស់ប្រទេសថៃ ក្នុងគោលដៅដើម្បីជួយសំរាលទុកលំបាករបស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ មិនមានលិទ្ធភាពបញ្ជូលកូន ទៅព្យាបាលនៅមន្ទីរពេទ្យបាន។
ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត យុវជនសម្តេចតេជោ បានអោយដឹងថា ការជួយព្យាបាលជម្ងឺបេះដូងពីកំណើតរបស់កុមារនៅកម្ពុជា គឺមានរសារៈសំខាន់ណាស់ដើម្បីជួយ សម្រាលបន្ទុកចំណាយរបស់ឪពុកម្តាយដែលមានកូនកើតជម្ងឺប្រភេទនេះ ដោយភាគច្រើនពួកគេមានជីវភាពក្រីក្រហើយគ្មានលទ្ធភាពបញ្ជូនកូនៗរបស់ខ្លួនទៅវះកាត់នៅឯក្រៅប្រទេស។
ឯឧ.បានបញ្ជាក់ថា មូលនីធីសប្បុរសធម៌ព្យាបាលជំងឺបេះដូងដល់កុមារនៅកម្ពុជានេះ នឹង ធានារ៉ាប់រងចេញថ្លៃចំណាយទំាងអស់ សម្រាប់ការវះកាត់ ការព្យបាល ការហូបចុក ការស្នាក់នៅ និងការធ្វើដំណើរ របស់អ្នកជំងឺនិងក្រុមគ្រួសាររបស់ពួកគាត់។
លោកស្រីណាប៉ាស ផៅរ៉ូហ៊ីតាយ៉ា តំណាងមូលនិធីមកពីមន្ទីរពេទ្យបំរ៉ុងរ៉ាតប្រទេសថៃ បានឲ្យដឹងថា កុមារដែលមានជំងឺបេះដូងពីកំណើតហើយទទួលបានការវះកាត់និងព្យាបាលនៅពេល ខាងមុខនេះ នឹងមានភាពជោគជ័យរហូតដល់ជាង៩៩ភាគរយ ដូច្នេះកុមារទំាងនេះនឹងមានកី្តសង្ឃឹមអាចរស់រានមានជីវិតដូចកុមារដ៏ទៃទៀត។ លោកស្រីបានបញ្ជាក់ថា មូលនិធិជួយព្យាបាលកុមារកើតជំងឺ បេះដូងពីកំណើតនេះកំពុងអនុវត្ត នៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ដូចជាប្រទេស ថៃ កម្ពុជា មីយ៉ាន់ម៉ា វៀតណាម ឡាវ និងហ្វីលីពីនផងដែរ។
សូមបញ្ជាក់ថា មូលនីធិព្យាបាលជម្ងឺបេះដូងកុមារកម្ពុជាតាំងពីកំណើតនេះ ត្រូវចំណាយថវិកា ក្នុងកុមារម្នាក់រហូតដល់ ជាង១លានបាត ស្មើនឹងជាង២ម៉ឺន៥ពាន់ដុល្លា សម្រាប់ការវៈកាត់ ព្យាបាល ស្នាក់នៅ ហូបចុក និងថ្លៃធ្វើដំណើរ៕