ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរខេត្តស្ទឹងត្រែងបានបង្ហាញថាស្ថានភាពទឹកទន្លេមេគង្គពេលមិនទាន់គំរាមគហែងជាធ្ងន់ធ្ងរទេ

វិទ្យុជាតិកម្ពុជា ៖ ដោយកញ្ញាទុយ សូលីដា 

 

ភ្នំពេញ៖  អាជ្ញាធរខេត្តស្ទឹងត្រែងបានបង្ហាញថាស្ថានភាពទឹកជំនន់ទន្លេមេគង្គនៅក្នុងខេត្តនេះមិនទាន់បង្កការគំរាមកំហែងធ្ងន់ធ្ងរដល់​​ប្រជាពលរដ្ឋនៅឡើយទេ បើទោះបីជាផ្នែកខាងលើនៃប្រទេសឡាវបានបើកទ្វារទឹកវារីអគ្គិសនីបង្ហូចុះមកភាគខាងក្រោមក៏ដោយ។

 

លោក ម៉ែន គុង អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជានៅរសៀលថ្ងៃទី១៧ ខែសីហានេះថា ទោះបីស្ថានភាពទឹកជំនន់ទន្លេមេគង្គនៅខេត្តស្ទឹងត្រែងមិនទាន់ប្រឈម ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏អាជ្ញាធរខេត្តនៅតែបង្កើនការប្រុងប្រយត្ន័ខ្ពស់ជាប់ជាប្រចាំ ដើម្បីធានាការធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋអោយបានទាន់ពេលវេលា កុំអោយរងផលប៉ៈពាល់និងគ្រោះថ្នាក់នានា កើតឡើងជាយថាហេតុ។

 

ការបង្កើនការប្រុងប្រយត្ន័របស់អាជ្ញាធរខេត្តស្ទឹងត្រែងនេះបានធ្វើឡើង បន្ទាប់ពីទទួលបានដំណឹងពីខាងភាគគីឡាវមានការលើកឡើងថាអាជ្ញាធរខេត្តអាតាពើនៅជាប់ ព្រំដែនកម្ពុជា-ថៃ មានការប្រុងប្រយ័ត្នចំពោះស្ថានភាពទឹកជំនន់នេះ ខណៈដែលតំបន់ទំនប់វារីអគ្គីសនីផ្នែកខាងលើបានបើកទ្វារទឹកបង្ហូរចុះមកក្រោម អាចធ្វើអោយប៉ះពាល់ដល់ ផ្នែកខាងក្រោមមួយចំនួន ពិសេសនៅខេត្តស្ទឹងត្រែងដែលនៅជិតប្រទេសឡាវផងដែរ។ 

 

លោកបន្តថា មកដល់ពេលនេះ ស្ថានភាពទឹកដែលបានបើកទំនប់នៅផ្នែកខាងលើ  នៃប្រទេសឡាវ គឺមិនទាន់មានឥទ្ទិពលមកដល់កម្ពុជានោះទេ ជាក់ស្តែងបច្ចុប្បន្នទឹកទន្លេសេសានបានស្រក់ ដោយឡែក ទឹកទន្លេមេង្គបានហក់ឡើងខ្ពស់ នៅកំរិតមួយអោយប្រុងប្រយ័ត្ន ហើយអាជ្ញធរ នៅតែបន្តតាមដានស្ថានភាពទឹកជំនន់នេះបន្ត។ 

 

លោកបានអះអាងថា ប្រមាណថ្ងៃមកនេះនៅស្ទឹងត្រែងនិងអាងទន្លេមេគង្គបានរងឥទ្ធិពលភ្លៀងធ្លាក់ខ្លំាងជាប់ៗគ្នា បានធ្វើអោយទឹកទន្លេមេគង្គបានហក់ឡើងក្នុងកម្រិតប្រុងប្រយត្ន័ ហើយស្ថានភាពបែបនេះ គឺជាក្ដីព្រួយបារម្មណ៍ និងជាការគំរាមកំហែងដល់ជីវភាពក៍ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋតាមដងទន្លេដែលកំពុងប្រឈមនិងការជន់លិច។

 

លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលរស់នៅតាដងទន្លេមេគង្គ ជាពិសេសកុមារ និងស្រ្តីចាស់ជរា  ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់អោយបានគ្រប់ៗគ្នា ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ។

 

  សូមបញ្ជាក់ដែរថា  យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានអោយដឹងថា គិតត្រឹមម៉ោង ១២:០០ថ្ងៃទី១៧ខែសីហា កំពស់ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង មានកំពស់ខ្ពស់ ១០ម៉ែត្រ៧០សង់ទិម៉ែត្រ ដែលកំពស់ប្រកាសអោយប្រុងប្រយ័ត្នគឺ ១០ម៉ែត្រ៧១សង់ទិម៉ែត្រ៕