ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលរងរាជធានីភ្នំពេញបញ្ជាក់ថា ការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នឹងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋបានយ៉ាងលឿន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨–​មន្ទីរផែនការរាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលាស្តីពីដំណើរការអនុវត្ត អត្តសញ្ញាណកម្មគ្រួសារក្រីក្រជុំទី១២ ឆ្នាំ២០១៨ ជូនដល់អ្នកផ្តល់សេវា អង្គការ ខណ្ឌ សង្កាត់នានាក្នុងរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ការយល់ដឹងដល់គ្រប់ភាគីពាក់ព័ន្ធនានា របស់រដ្ឋបាលរាជធានីភ្នំពេញ អំពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងផ្តល់ការគាំទ្រ ចូលរួមក្នុងដំណើរការការងារនេះ ឱ្យទទួលបានជោគជ័យ។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ នៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងឈ្វេងយល់ពីទិន្នន័យគ្រួសារក្រីក្រពិតប្រាកដ នៅក្នុងមូលដ្ឋានឃុំ សង្កាត់នីមួយៗ។ សិក្ខាសាលាបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃ៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា សិក្ខាសាលាស្តីពី អត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ គឺជាការផ្សព្វផ្សាយ និងឈ្វេងយល់ពីទិន្នន័យគ្រួសារ ក្រីក្រពិតប្រាកដ នៅក្នុងមូលដ្ឋានឃុំ សង្កាត់នីមួយៗ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីងាយស្រួលក្នុងការផ្តល់សេវាសុខភាព ផ្តល់អាហារូបករណ៍ ផ្តល់សេវាកសិកម្ម ផ្តល់ដីសប្បទានសង្គមកិច្ច ផ្តល់ស្បៀងអាហារ និងការផ្តល់សេវា សំណូមពរ ព្រមទាំងការរៀបចំផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគក្នុងមូលដ្ឋាន របស់អាជ្ញាធរផងដែរ។

​លោកបានបញ្ជាក់ថា នៅរាជធានីភ្នំពេញ អត្រាភាពក្រីក្របានធ្លាក់ចុះកម្រិត ៩,៩ភាគរយក្នុងឆ្នាំ២០១៦។ ទាក់ទិនទៅនឹងកំណើននៃទំហំផលិតផលក្នុងស្រុកសរុបសម្រាប់ មនុស្សម្នាក់ៗកាលពីឆ្នាំ២០១២ មានត្រឹមតែ៩៣១ដុល្លារប៉ុណ្ណោះក្នុងមួយខែ បានកើនឡើងរហូតដល់ ៣៨០០ដុល្លារ គិតត្រឹមឆ្នាំ២០១៦ និងបន្តកើនឡើងជាលំដាប់ទៅ តាមសេដ្ឋកិច្ចជាតិ។

​លោក ថេង បញ្ញាធន អគ្គនាយក អគ្គនាយកដ្ឋានផែនការ បានបានឱ្យដឹងដែរថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើងគឺ៖ ទី១.ផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធ អ្នកផ្តល់សេវា ខណ្ឌ សង្កាត់នានា បានទទួលព័ត៌មាន ស្តីពីប្រភពទិន្នន័យ និងការចែកចាយទិន្នន័យគ្រួសារក្រីក្រ ព្រមទាំងអត្រាភាពក្រីក្រនៅតាមតំបន់។ ទី២. ជំរុញឱ្យមានការផ្សព្វផ្សាយបន្ត ដើម្បីឱ្យភាគីពាក់ព័ន្ធ អង្គការនានា និងបណ្តាខណ្ឌ សង្កាត់ ប្រើប្រាស់សេវាទិន្នន័យគ្រួសារក្រីក្រ និងតារាងប្រៀបធៀបផែនអត្រាក្រីក្រ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាន ផ្តល់សេវាដល់គ្រួសារក្រីក្រឱ្យចំគោលដៅ។ ទី៣. គឺការលើកទឹកចិត្ត ដល់អ្នកពាកព័ន្ធ អង្គការនានា អ្នកផ្តល់សេវា និងខណ្ឌ សង្កាត់ ប្រើប្រាស់បញ្ជីរគ្រួសារក្រីក្រ ដើម្បីផ្តល់សេវា និងអនុវត្តន៍សហគមន៍ក្រីក្រ គ្រួសារក្រីក្រឱ្យមានប្រសិទ្ធភាព និងចំគោលដៅ។

​លោកបន្តថា ដើម្បីធានាបាននូវប្រសិទ្ធភាព និងពន្លឿនការកាត់បន្ថយភាពក្រីក្រ ឱ្យបានកាន់តែឆាប់រហ័សនោះ ក្រសួងផែនការបានរៀបចំបង្កើនសំណុំអន្តរាគមន៍សេវា ចំនួន២ទៀតគឺ សំណុំអន្តរាគមន៍សេវាដើម្បីបង្កើនចំណូល និងសំណុំអន្តរាគមន៍សេវា ដើម្បីកាត់បន្ថយចំណាយ ដោយផ្តោតឱ្យចំគ្រួសារក្រីក្រ និងជនងាយរងគ្រោះបំផុត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងអភិវឌ្ឍន៍ធនធានមនុស្ស រួមនឹងការការពារជនក្រីក្រ ពីវិបត្តិដែលអាចបណ្តាលឱ្យធ្លាក់ទៅក្នុងភាពក្រីក្រ។

​លោក ថេង បញ្ញាធន បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធនានា ត្រូវយកចិត្តទុកដាក់ ចាប់យកការយល់ដឹងដើម្បីយកទៅ ចូលរួមចំណែក តាមដាន និងផ្តល់ការណែនាំ ឱ្យការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅរាជធានីភ្នំពេញ ទទួលបានជោគជ័យ និងទទួលបាននូវទិន្នន័យគ្រួសារក្រីក្រដែលមានលក្ខណៈសុក្រឹតជូនប្រជាពលរដ្ឋ ៕

ដោយ សួស សំរិត