ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជារំពឹងថាវិស័យកសិកម្មឆ្នាំនេះនឹងមានកំណើនក្នុងរង្វង់២ភាគរយបន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណាឌីណេ

 

ភ្នំពេញ៖    រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន រំពឹងថាស័យកសិកម្មឆ្នាំនេះនឹងមានកំណើនក្នុងរង្វង់២ភាគរយបន្ថែមទៀត ហើយអាចរួមចំណែកប្រមាណ២៥ភាគរយនៃផលិតផលក្នុងស្រុកសរុប។

 

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ មានប្រសាសន៍ថា  ការរំពឹងថាវិស័យកសិកម្មឆ្នាំនេះនឹងមានកំណើនក្នុងរង្វង់២ភាគរយនេះ គឺ

ដោយសារតែឆ្នាំនេះបញ្ហាអាកាសធាតុ អំណោយផលបានល្អ ភ្លៀងធ្លាក់ដើមដៃ ធ្វើអោយផលដំាណាំរបស់ប្រជាកសិករមានការលូតលាស់ល្អ។

 

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ដំណាំដែលលេចធ្លោជាងគេធ្វើអោយមានកំណើនក្នុង វិស័យកសិកម្មនេះ ភាគច្រើនគឺដំណាំស្រូវ ដំឡូងមី កៅស៊ូ ពោត និងដំណាំរួមផ្សំមួយចំនួនទៀតមាន ផ្លែស្វាយ និងផ្លែតាង៉ែន។

 

ឯកឧត្តមបានបញ្ជាក់ថា ភោគផលកសិកម្មទំាងនេះបាននាំចេញទៅទីផ្សារក្រៅប្រទេស ដែលបានធ្វើឲ្យ កសិករកាន់តែមានចំណូលខ្ពស់ ហើយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ​។

ឯកឧត្តមបន្ថែមថា ស្របពេលជាមួយនឹងការទទួលបានការររីកចំរើនតាមវិស័យនីមួយៗ ក្នុងការចូលរួម លើកស្ទួយសេដ្ឋកិច្ចជាតិ នឹងសង្គម វិស័យកសិកម្ម ក៏ត្រួវបានប្រើប្រាស់ ជាមួយនឹងយុទ្ធសាស្រ្តវ៉ៃឆ្លាត បញ្ជៀសបាននូវបញ្ហាប្រឈមជាច្រើន ក្នុងពេលតែមួយ នូវប្រសិទ្ធភាព នឹងទាញយកសក្តានុពល ដែលមានក្នុងវិស័យកសិកម្ម នៃការវិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា អោយក្លាយជាកសិកម្មទំនើប មានគុណភាព ធន់នឹងការបំរែលបំរួលអាកាសធាតុ ទទួលបានតម្លៃខ្ពស់ មានភាពប្រកួតប្រជែង ហើយក៏ជាឃ្លាំងសន្តិសុខស្បៀងជាតិប្រកបដោយសុវត្ថិភាព ជាមួយនឹងការអភិវឌ្ឍន៍ជនបទ គ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនចំណូលដល់កសិករ នឹងការធ្វើពិពិធភាវូបនីយកម្ម ឈានទៅចូលរួមទ្រទ្រង់កំណើតសេដ្ឋកិច្ចជាតិ។

 

ឯកឧត្តមបន្តទៀតថា  ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ កំណើននៃវិស័យកសិកម្មមានការប្រែប្រួល ពី០,២៤ភាគរយនៅក្នុងឆ្នាំ២០១៥ ដល់១,៧ភាគរយនៅឆ្នាំ២០១៧ ទោះបីជាអត្រាចូលរួមចំណែកក្នុងវិស័យកសិកម្ម ក្នុងសេដ្ឋកិច្ចជាតិបានថយចុះពី៣១,៦ភាគរយ នៅក្នុងឆ្នាំ២០១៣ មកត្រឹម២៤,៩ភាគរយនៅឆ្នាំ២០១៧ក៏ដោយ ប៉ុន្តែតំលៃបន្ថែមសរុប ក្នុងវិស័យកសិកម្ម មានការកើនឡើងពី៣ទៅ៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

 

  សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧កន្លងនេះ វិស័យកសិកម្មកម្ពុជា បានរួមចំណែកក្នុងជីឌីភី ប្រមាណជាង២៤ភាគរយ ក្នុងនោះផលិតកម្មដំណាំមានចំនួនជាង១៤ភាគរយ ផលិតកម្មសត្វមានចំនួនជិត៣ភាគរយ ផ្នែកជលផលមានចំនួនជាង៥ភាគរយ និងអនុផលព្រៃឈើជាង១ភាគរយ៕