ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជា និងអង់គ្លេសពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំ

វិទ្យុជាតិកម្ពុជា ៖ ដោយលោកអាត ចន្ធូ

 

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា និងចក្រភពអង់គ្លេសត្រៀមបន្តពង្រឹងទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីបំរើដល់ផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ។

 

លោកជំទាវ Tina Susan Redshaw ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានបញ្ជាក់ថា អង់គ្លេសនឹងខិតខំធ្វើការឲ្យកាន់តែបានល្អប្រសើរថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះឲ្យកាន់តែល្អប្រសើរលើគ្រប់វិស័យ។

 

 ការថ្លែងបែបនេះ ក្នុងឱកាសដែលលោកជំទាវត្រូវបានឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី​​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញ្ញាតឲ្យចូលជួបសម្តែងការគួសមកាលពីថ្ងៃទី១៦ ខែសីហា នៅទីស្តីការ​ក្រសួងការបទេសកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានបង្ហាញការគាំទ្ររាល់ការខិតខំរបស់អង់គ្លេស ដើម្បីក្លាយជាដៃគូសកម្មមួយរបស់អាស៊ាន ជាពិសេសកម្ពុជាតែម្ដង។  

 

ឯកឧត្តមប្រាប់ទៅភាគីអង់គ្លេសថា អត្រាអ្នកចេញទៅបោះឆ្នោតចំនួនជាង៨៣ភាគរយ គឺពិតជាបានបញ្ជាក់​​ថា​​ប្រជាពលរដ្ឋកម្ពុជាបានប្រើប្រាស់នូវសិទ្ធិនយោបាយរបស់ពួកគេក្នុងការជ្រើសរើមេដឹកនាំដែលខ្លួនពេញចិត្តស្របតាមលទ្ធិប្រជាធិបតេយ្យ៕