ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ថោង ខុន៖ កម្ពុជារំពឹងឈ្នះមេដាយមាសលើស ពីពីរក្នុងកីឡាអាស៊ី នៅឥណ្ឌូណេស៊ី ឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨–ឯកឧត្តម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជាបានបង្ហាញនូវក្តីរំពឹងខ្ពស់ ក្នុងការឈ្នះមេដាយមាសលើសពី២ នៅក្នុងការចូលរួម ប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០១៨ ដែល គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនពេលចេញដំណើរ កាលពីព្រឹកថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា ដោយទទួលការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន ​សែន ឯកឧត្តមបានដឹកនាំប្រតិភូ កីឡាករ កីឡាការិនីទៅចូលរួមប្រកួតកីឡា អាស៊ី ដែលមាន ៥ប្រភេទកីឡាបានចេញដំណើរនៅថ្ងៃនេះ និងប្រភេទកីឡាមួយចំនួនទៀត នឹងត្រូវចេញដំ ណើរជាបន្តបន្ទាប់ទៀត។ ឯកឧត្តមបានប្តេជ្ញាចិត្តថា ឆ្នាំ២០១៨នេះ កម្ពុជាដាក់គោលដៅធ្វើ យ៉ាងណាឱ្យឈ្នះមេដាយមាសលើសពីពីរ។

ឯកឧត្តមបន្ថែមថា ”ក្នុងការចេញដំណើរ ទៅ លើកនេះប្រកបដោយក្តីសង្ឃឹម ពីព្រោះកាលពីកីឡាអាស៊ី ឆ្នាំ២០១៤ កម្ពុជាឈ្នះមេដាយ មាស១គ្រឿង លើប្រភេទកីឡា តេក្វាន់ដូ ដែលដណ្តើមបានដោយកីឡាការិនី ស៊ន សៀវម៉ី ជាលើកដំបូង ក្រោយរយៈពេល៦០ឆ្នាំ ដែលកាលនោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាជាតិទាំងមូលបានដាក់យុទ្ធសាស្ត្រថា ធ្វើយ៉ាណាឈ្នះមេដាយ មាស១គ្រឿង ដោយកម្ពុជាយើងសម្រេចបានតាមគោលដៅពិតប្រាកដមែន។

លើកនេះយើង បានប្តេជ្ញាចិត្តរួមគ្នាថា យើងត្រូវតែឈ្នះមេដាយលើសពីពីរ យកមកជូនប្រទេសជាតិ ក្រៅពី នោះ ក៏យើង សង្ឃឹមឈ្នះមេដាយប្រាក់ និងសំរឹទ្ធិខ្លះៗទៀត។”

ឯកឧត្តមបន្តទៀតថា ក្តីរំពឹងរបស់យើងលើប្រភេទកីឡា ដែលអាចឈានដល់មេដាយមាស នោះ មានដូចជា តេក្វាន់ដូ ម៉ូតូទឹក និងប្រភេទកីឡាជឺជីតស៊ូ ដែលថ្មីសម្រាប់កម្ពុជា ប៉ុន្តែ​ជឺជីតស៊ូនេះគឺខ្លាំងដែរ។ សម្រាប់ការចូលរួមប្រកួតលើកនេះ មិនមានអ្វីជាឧបសគ្គធំដុំនោះ​ឡើយ ពីព្រោះថាអត្តពលិករបស់កម្ពុជាបានហ្វឹកហាត់ត្រៀមខ្លួនរួចរាល់អស់ហើយ។

សូមបញ្ជាក់ថា ១៣ប្រភេទកីឡារបស់កម្ពុជា ដែលបញ្ជូនទៅប្រកួតកីឡាអាស៊ី ឆ្នាំ២០១៨នេះ រួមមាន៖ ប្រភេទកីឡាតេក្វាន់ដូ WTF, ហែលទឹក អត្តពលកម្ម ការ៉ាតេដូ យូដូ ជឺជិតស៊ូ ចំបាប់ ទូកកានូ ទូកក្ដោង កាយសម្ព័ន្ធ ម៉ូតូទឹក គុនដាវ និងសូហ្វតេន្នីស ដែលមានអត្តពលិក មន្ត្រី ប្រតិភូ គ្រូបង្វឹក គ្រូជំនួយសរុបចំនួន៧១ នាក់៕


ដោយ ហេង ណាលីន