ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពួកអ្នកតំណាងពាណិជ្ជកម្មអាល្លឺម៉ង់ស្វាគមន៍កិច្ចប្រជុំ មែរកែល-ពូទីន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ — ពួកអ្នកតំណាងពាណិជ្ជកម្មអាល្លឺម៉ង់បានសំដែងសុទិដ្ឋិនិយមកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំមួយនាពេលខាងមុខរវាងអធិការបតីអាល្លឺម៉ង់លោកស្រី អានជេឡា មែរកែល ( Angela Merkel ) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ( adimir Putin ) អាចនឹងកត់សម្គាល់ឱ្យឃើញនូវជំហានថែមទៀតឆ្ពោះទៅរកការធ្វើឱ្យប្រសើរនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ។
លោក Wolfgang Buechele ប្រធានគណៈកម្មាធិការទទួលបន្ទុកទំនាក់ទំនងសេដ្ឋកិច្ចអឺរ៉ុបខាងកើត របស់អាល្លឺម៉ង់បានប្រាប់ពួកអ្នកយកព័ត៌មានថា ការបង្កើនការផ្លាស់ប្តូររវាងអាល្លឺម៉ង់ និងរុស្ស៊ីបានកើនឡើងយ៉ាងសំខាន់ក្នុងអំឡុងពេលប៉ុន្មានខែកន្លងទៅ ។ នេះគឺជាការអភិវឌ្ឍមួយ ដែលគួរឱ្យចង់បាន ។

លោក Buechelle បាននិយាយថា សំណើថ្មីដែលធ្វើឡើងដោយលោក ពូទីន ស្តីពីទិសដៅនាពេលអនាគត នៃការជឿនលឿន សន្តិភាព ក្នុងប្រទេសអ៊ុយក្រែន ក្នុងអំឡុងកិច្ចប្រជុំនៅថ្ងៃសៅរ៍អាចបើកឡើងនូវរបៀបវារៈជាវិជ្ជមានថ្មីមួយសម្រាប់ទំនាក់ទំនងអឺរ៉ុប – រុស្ស៊ី ។

ប្រធានគណៈកម្មាធិការនេះបាននិយាយថា ប្រក្រតីភាវូបនីយកម្មពិតប្រាកដមួយនៃកិច្ចសហ-ប្រតិបត្តិការអន្តរជាតិ រវាងក្រុងមូស្គូ និងក្រុងបែរឡាំងនឹងអាចមានតែនៅពេលណាដែលឧបសគ្គអ៊ុយក្រែនត្រូវបានគេធ្វើឱ្យស្រឡះ ។ លោក​ Buechele បាននិយាយថា ការធានាដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះដោយរុស្ស៊ី ក្នុងការរក្សាទុកការប្រើប្រាស់ប្រទេសអ៊ុយក្រែនធ្វើជាប្រទេសឆ្លងកាត់មួយសម្រាប់ការប្រគល់ឧស្ម័នទៅឱ្យអឺរ៉ុបនោះ កំពុងត្រូវបានលើកទឹកចិត្តនៅក្នុងបរិបទនេះ ។

គណៈកម្មាធិការអាល្លឺម៉ង់នេះបានព្រមានផ្ទួនៗថា ទណ្ឌកម្មអាមេរិក លើប្រទេសរុស្ស៊ី នឹងបង្កឱ្យមានគ្រោះថ្នាក់ដល់ក្រុមហ៊ុនអាល្លឺម៉ង់ ជាពិសេសក្រុមហ៊ុនទាំងឡាយណាដែលមាន​ជាប់ពាក់ព័ន្ធនៅក្នុង គម្រោងបំពង់នាំឧស្ម័ន Nord Stream 2 ។ ស.រ.អា និងបណ្តាប្រទេសអឺរ៉ុបខាងកើតខ្លះ ដែលរួមមានអ៊ុយក្រែន និងប៉ូឡូញ នោះបានរិះគន់ Nord Stream 2 ថា មានហេតុផលនយោបាយដែលគេបានចោទប្រកាន់ នឹងគ្មានតម្លៃខាងសេដ្ឋកិច្ចឡើយ ។
ប៉ុន្តែពួកមេដឹកនាំពាណិជ្ជកម្មអាល្លឺម៉ង់ នៅតែឥតធ្វើការផ្លាស់ប្តូរដដែលក្នុងការគាំទ្ររបស់ខ្លួនដល់បំពងបង្ហូរឧស្ម័ននេះ ដែលគេបានស្នើឡើងជាដំបូងក្នុង ឆ្នាំ ១៩៩៥ ។

ពាណិជ្ជកម្មអាល្លឺម៉ង់-រុស្ស៊ី បានរីកចម្រើនឡើងវិញជាលើកដំបូងក្នុងពេល៥ឆ្នាំ ក្នុងឆ្នាំ ២០១៧ ទៅដល់ទំហំសរុប ៥៧​ពាន់លានអឺរ៉ូ ( 64,8 ពាន់លានដុល្លារ ) ។ ការនាំចេញដោយក្រុមហ៊ុនអាល្លឺម៉ង់ទៅកាន់ប្រទេសនេះគឺមាន ២៦ ពាន់លានអឺរ៉ូ ។ ( 1 អឺរ៉ូ ស្មើនិង 1,14 ដុល្លារ ) ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )