ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បើកយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នៅស្រុកជាំក្សាន្ត

AKP ព្រះវិហារ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ -ដោយមានការចង្អុលបង្ហាញពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋឱ្​យមាន​សុខ​ដុមរមនា​​និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកយុទ្ធនាអប់​រំ​ផ្សព្វ​ផ្សាយ​ច្បាប់ចរាចរណ៍ផ្លូវគោកជូនពលរដ្ឋឱ្យយល់ដឹង ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងពេលធ្វើចរាចរណ៍ ។

នៅថ្ងៃព្រហស្បតិ៍ ០៥កើត ខ ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ លេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្តព្រះវិហារ ដឹកនាំដោយលោក ហោ គឹមឡុង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សហការជាមួយរដ្ឋបាលស្រុក កងកម្លាំង​នគរបាលចរាចរណ៍ស្រុក និងកងរាជអាវុធហត្ថស្រុក បានចុះអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និង​ពង្រឹង​យុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ចំនួន​ ០២​ទីតាំង​ នៅក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ដ ខេត្ត​ព្រះវិហារ​ ដែលទីតាំងទី១ ស្ថិតនៅសាលាវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែនជាំក្សាន្ត និងទីតាំងទី២ ស្ថិតនៅ​កង​ពលតូចអន្តរាគមន៍លេខ០៧ និងមានការចែកមួកសុវត្ថិភាពជាច្រើនផងដែរ។

លោក ហោ គឹមឡុង មានប្រសាសន៍ថា យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានគោល​បំណង​ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក នៅពេល​បើក​បរទោចក្រយានយន្ត ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ពេលបើក​បររថយន្តត្រូវ​តែពាក់ខ្សែ​ក្រវ៉ាត់​ឱ្យបាន​ត្រឹមត្រូវ បើពិសារគ្រឿងស្រវឹងសូមកុំបើកបរ យើងត្រូវការពារជីវិតដោយកុំធ្វើការបើកបរហួសល្បឿនកំណត់ មិនត្រូវ​បើកបរស្ថិតក្នុងស្ថានភាពងងុយដេក ពេលបើកបរត្រូវតែប្រកាន់ស្តាំជានិច្ច  មុននឹងធ្វើការ​បើកបរត្រូវ​តែមានការត្រួតពិនិត្យយានយន្តរបស់ខ្លួនជាប់ជាប្រចាំ និងប្រុងប្រយ័ត្នជានិច្ច ធ្វើដូចនេះយើង​នឹងរួចផុត​ពីគ្រោះ​ថ្នាក់បាន ហើយទប់ស្កាត់កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យថយចុះមកនៅកម្រិតទាបបំផុត ។

លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្តបានថ្លែងអំណរគុណដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលបានចុះមកធ្វើការអប់រំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់មូលដ្ឋាន​ឱ្យបងប្អូន​បានយល់​ដឹងពី​ការ​ប្រើប្រាស់ផ្លូវ ឱ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ហើយក៏ដើម្បី​ចូលរួម​ចំណែកកាត់បន្ថយភាពក្រីក្រនៅតាមមូលដ្ឋានបានមួយកម្រិតផងដែរ បន្ទាប់ពីគ្រោះមហន្តរាយដទៃទៀត ៕

 

ដោយ ទិត ស្រ៊