ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណបក្សប្រជាជនកម្ពុជា នឹងយកគោលនយោបាយពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត មកធ្វើជាគោលនយោបាយស្នូលសម្រាប់អាណត្តិទី៦

AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨–​ក្រុមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា គណបក្សប្រជាជនកម្ពុជា នឹងយកគោលនយោបាយដែលបានដាក់ជូនពលរដ្ឋពេលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតមកធ្វើជាគោលនយោបាយស្នូលរបស់រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៦ ខណៈដែល គោលនយោបាយនេះត្រូវបានប្រជាពលរដ្ឋគាំទ្រ និងបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលុប។

​ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងសង្កត់ ធ្ងន់ដូច្នេះ បន្ទាប់ពី ឯកឧត្តម ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ
ភូគីត្រា។

​ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកើតចេញ ពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយដែលឈ្នះឆ្នោតដែលបានដាក់ជូនពលរដ្ឋ ពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។

​ជាមួយគ្នានេះ ឯកឧត្តម ឈឹម ផលវរុណ បានឱ្យដឹងដែរថា រាជរដ្ឋាភិបាលថ្មី នឹងបង្កើតឱ្យមានកម្មវិធីពិគ្រោះយោបល់ជាមួយគណបក្សចាញ់ឆ្នោតឱ្យបានឆាប់ និងបើកឱ្យ មានការជួបគ្នាឱ្យបានទៀងទាត់ដើម្បីផ្តល់ឱកាសឱ្យគណបក្សទាំងនោះមានឱកាសផ្តល់ជា អនុសាសន៍សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

​សូមរម្លឹកថា ក្នុងពិធីសំណោះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួនជាង ១៥.០០០នាក់ដែលមកពីរោងចក្រ សហគ្រាសចំនួន១៧ ក្នុងរាជធានីភ្នំពេញ ដែល បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា នឹងបង្កើតវេទិកា ពិគ្រោះយោបល់ក្រៅផ្លូវការមួយរវាងរាជរដ្ឋាភិបាល ជាមួយគណបក្សនយោបាយដែលចូល រួមបោះឆ្នោត ដែលជាវេទិកាថ្មីមួយ ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីឱ្យបណ្ដាបក្សនយោ បាយទាំងនោះចូលរួមក្នុងការកសាងប្រទេស និងសុខដុមរមនាក្នុងសង្គមជាតិ ព្រមទាំងបង្កើត ឡើងនូវវប្បធម៌សន្ទនារវាងបក្សនយោបាយក្នុងរដ្ឋាភិបាល និងបក្សនៅក្រៅរដ្ឋាភិបាល ឬបក្ស នយោបាយនៅក្រៅរដ្ឋសភានោះ។

ជ័យជម្នះដ៏ភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិទី៦នេះ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិសាទរថា ជាជោគជ័យដ៏ត្រចះត្រចង់បំផុត៕

ដោយ គង់ សិរីរ័ត្ន