ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមអ្នកជំនាញ ព្រមានថា អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នឹងកើនឡើងដល់៣.២០០នាក់

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

ក្រុមអ្នកជំនាញ ព្រមានថា បើគ្មានវិធានការទប់ស្កាត់ និងយន្តការកាត់បន្ថយទេ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២០ខាងមុខនេះ នឹងកើនដល់ជាង៣.២០០នាក់។

លោកបណ្ឌិត ម៉ាសាតូ កូតូ ប្រធានក្រុមទីប្រឹក្សាបច្ចេកទេសសុវត្ថិភាពចរាចរណ៍មកពីប្រទេសជប៉ុន មានប្រសាសន៍ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាចំណុចប្រឈមសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលបញ្ហាកង្វល់នេះ ទាមទារឱ្យមានវិធានជាក់លាក់ក្នុងការទប់ស្កាត់ឱ្យបាន ម៉ឺងម៉ាត់។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃគម្រោងកែលម្អផ្លូវលំជនបទជំហានទី២ ដែលធ្វើនៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៦-១៧ ខែសីហា អ្នកជំនាញរូបនេះ បានគាំទ្រឱ្យមានកម្មវិធីសុវត្ថិភាពចរាចរណ៍នៅតាមសហគមន៍ ដើម្បីរួមចំណែកកាត់បន្ថែមអត្រាស្លាប់របស់មនុស្សដែលកើតឡើងដោយគ្រោះថ្នាក់ចរាចរណ៍។ លោកមានប្រសាសន៍ថា គម្រោងកែលម្អផ្លូវលំជនបទជំហានទី២នេះ នឹងចូលរួមចំណែកដ៏ធំធេង និងស្របតាមផែនការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១១-២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាកាត់បន្ថយចំនួនអ្នកស្លាប់ឱ្យបាន៥០ភាគរយ នៅត្រឹមឆ្នាំ២០២០ខាងមុខ។

លោក សុង សុផល ប្រធានគ្រប់គ្រងគម្រោងកែលម្អផ្លូវលំជនបទជំហានទី២ នៃក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ការអប់រំ ការផ្សព្វផ្សាយ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវ គឺជាកិច្ចការចំាបាច់ដើម្បីក្រើនរំឭកដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យមានការប្រុងប្រយ័ត្ន គោរព និងអនុវត្តន៍ច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ លោកបានឱ្យដឹងថា គម្រោងកែលម្អផ្លូវលំជនបទជំហានទី២ នឹងបន្ដផ្សព្វផ្សាយដល់សមាជិកគ្រួសារនៅតាមសហគមន៍ និងសិស្សសាលាក្នុងភូមិ ឱ្យប្រយ័ត្នប្រយែងខ្ពស់ ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ចរាចរណ៍។

បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានក្លាយជាប្រធានបទមួយដែលរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទូទៅ មានការព្រួយបារម្មណ៍ចំពោះសុវត្ថិភាពពេលធ្វើដំណើរ។ គ្រោះថ្នាក់ចរាចរណ៍បានបន្សល់ទុកនូវសោកនាដកម្ម និងផលប៉ះពាល់ជាច្រើនដល់សេដ្ឋកិច្ច និងសង្គម និងបញ្ហាប្រឈមគួរឱ្យព្រួយបារម្មណ៍។

យោងតាមរបាយការណ៍នៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបង្ហាញថា ជារៀងរាល់ឆ្នាំអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ប្រមាណជិត២.០០០នាក់ និងរបួសធ្ងន់រហូតដល់ជិត៥.០០០នាក់។ ចំនួននេះមានអត្រាខ្ពស់ជាងគ្រោះថ្នាក់ចរាចរណ៍ប្រទេសវៀតណាមជាង៩ភាគរយ។

ដោយមើលឃើញអំពីទំហំសោកនាដកម្ម និងផលវិបាកដល់សង្គមបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ពីមួយថ្ងៃទៅមួយថ្ងៃ ក្រសួងអភិវឌ្ឍន៍ជនបទតាមរយៈការគាំទ្រជំនួយបច្ចេកទេស និងថវិកា ពីដៃគូអភិវឌ្ឍន៍រួមមានធនាគាអភិវឌ្ឍន៏អាស៊ី ទីភ្នាក់ងារអភិវឌ្ឍន៏នៃប្រទេសបារាំង និងកម្មវិធីជំនួយអូស្ត្រាលី បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅក្នុងតំបន់នៃគម្រោងកែលម្អផ្លូវលំជនបទជំហានទី២ទាំង១០ខេត្តរួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ដោយផ្តោតលើកត្តាហានិភ័យនានា សំដៅធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប៕