ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ៊ីស្រាអែលបន្ធូរបន្ថយការរឹតបន្តឹងចំណុងឆ្លងកាត់ពាណិជ្ជកម្មនិងសមុទ្រហ្គាហ្សា

AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ — ពួកមន្ត្រីបាននិយាយថា ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធនេះ បានបន្ធូរបន្ថយការរឹតបន្តឹងនៅលើចំណុចឆ្លងកាត់ពាណិជ្ជកម្មព្រំដែន ព្រមទាំងពង្រីកតំបន់ធ្វើនេសាទនៅក្នុងសមុទ្រ ហ្គាហ្សាចាប់ពី៣ ដល់៩ម៉ាយនាវិចរ ។
លោក Ra´ ed Fattouh មន្ត្រីប៉ាឡេស្ទីនទទួលបន្ទុកធ្វើការសម្របសម្រួលការដឹកនាំទំនិញតាមរយៈ ចំណុចឆ្លងកាត់ Kerem Shalom នៅលើព្រំដែនរវាងអ៊ីស្រាអែល និងហ្គាហ្សាស្ទ្រីបភាគអាគ្នេយ៍បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា អ៊ីស្រាអែលនឹងអនុញ្ញាតឱ្យរថយន្តកាមីញ៉ុង ៧០០គ្រឿង ដែលដឹកសម្ភារៈសំណង់, ប្រេង, ម្ហូបអាហារ, ផលិតផលពាណិជ្ជកម្ម និងឧស្សាហកម្មឆ្លងកាត់ ។

លោកក៏បានឱ្យដឹងផងដែរថា ពួកអាជ្ញាធរអ៊ីស្រាអែល នឹងអនុញ្ញាតឱ្យដឹកជញ្ជូនផលិតផលបែប ផ្សេងៗទៀតផងដែរ ដែលគេបានហាមឃាត់មិនឱ្យចូលទៅហ្គាហ្សាស្ទ្រីបចាប់តាំងពីខែកញ្ញាកន្លងទៅ ។

រដ្ឋមន្ត្រីការពារប្រទេសអ៊ីស្រាអែលលោក Avigdor Lieberman បានណែនាំជាងមួយខែមកហើយឱ្យបិទកន្លែងឆ្លងកាត់ពាណិជ្ជកម្ម Kerem Shalom សម្រាប់ផលិតផលគ្រប់បែបយ៉ាងលើកលែង តែតម្រូវការជាមូលដ្ឋាននៃម្ហូបអាហារនិងថ្នាំពេទ្រ សម្រាប់ពួកជនប៉ាឡេស្ទីនជាង ២ លាននាក់ដែលរស់នៅក្នុងហ្គាហ្សាស្ទ្រីប ។

ការសម្រេចរបស់អ៊ីស្រាអែល ដើម្បីរឹតបន្តឹងវិធានការរបស់ខ្លួននៅឯចំណុចឆ្លងកាត់រវាងបរិពន្ធភូមិ ឆ្នេរសមុទ្រ ដែលពួកហាម៉ាស់គ្រប់គ្រងនឹងអ៊ីស្រាអែលគឺធ្វើឡើងដើម្បីដាក់ការកៀបសង្កត់លើពួកហាម៉ាស់ និងសកម្មជនប៉ាឡេស្ទីនដទៃទៀត ឱ្យបញ្ឈប់ការបង្ហោះខ្លែងនិងបាល់ឡុង ដែលបង្កឱ្យមានអគ្គិភ័យ​ចូល ទៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូង ដែលបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)