ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋបាលសាលារាជធានី បន្តផ្សព្វផ្សាយផលប៉ះពាល់ដោយសារថ្នាំជក់ជាបន្តបន្ទាប់ ដើម្បីសុខភាពប្រជាពលរដ្ឌ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក អ៊ួង វុធ៖

រដ្ឋបាលសាលារាជធានីភ្នំពេញ នៅតែបន្តចូលរួមផ្សព្វផ្សាយ អំពីផលប៉ះពាល់ដោយសារផលិតផលថ្នាំជក់ជាបន្តទៀតដោយសារថ្នាំជក់ឬក៏ផ្សែងបារី ប៉ះពាល់ដល់សុខភាពសាធារណៈ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយអ្នកនាំពាក្យប្រធានាធិបតីប្រទេសហ្វីលីពីន កាលពីល្ងាចថ្ងៃទី ១៥ សីហា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា រដ្ឋបាលសាលារាជធានី នៅតែបន្តផ្សព្វផ្សាយ ពីផលប៉ះពាល់ដោយសារថ្នាំជក់ជាបន្តទៀត ដោយបច្ចុប្បន្ន ពិសេសប្រជាពលរដ្ឋនៅរាជធានីភ្នំពេញមានចំនួនជិត៣លាននាក់ នាពេលបច្ចុបប្បន្ន។ ឯកឧត្តម អភិបាលបន្តថា ផលប៉ះពាល់ដោយថ្នាំជក់ និងផ្សែងបារីនេះ ឯកឧត្តមនឹងជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១២និងសង្កាត់ទាំង១០៥ក្នុងរាជធានីភ្នំពេញបន្ត ផ្សព្វផ្សាយឲ្យបានទូលំទូលាយ ទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាមហាជនទូទៅឲ្យបានយល់ដឹងច្បាស់ពីបញ្ហាផលប៉ះពាល់សុខភាពដោយការជក់បារីនិងការស្រូបផ្សែងបារីពីគេ។

ឯឧ.អភិបាលបានលើកឡើងថា ប្រទេសកម្ពុជាបានចូលជាសមាជិកសន្ធិសញ្ញារបស់អង្គការសុខភាពពិភពលោក(WHO) ដើម្បីប្រយុទ្ធប្រឆាំងនឹងឧស្សាហកម្មថ្នាំជក់ ដូច្នេះ កម្ពុជាបន្តជំរុញ នៃយុទ្ធនាការនេះឲ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម អភិបាលបញ្ជាក់ក់ថាជាទឹសដៅរដ្ឋបាលសាលារាជធានីភ្នំពេញនឹងជំរុញការអនុវត្តបរិស្ថានគ្មានផ្សែងបារីនៅតាមបណ្តាខណ្ឌបញ្ជ្រៀបកិច្ចការងារនេះជូនប្រជាពលរដ្ឋរបស់យើងក្នុងនោះក៏យើងរៀបចំនូវផែនការ បញ្ជ្រៀប ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់ប្រជាពលរដ្ឋយើង។សព្វថ្ងៃនេះ អ្នកជក់បារីនៅក្នុងរាជធានីភ្នំ ពេញគេហៅថាជនជាតិភាគតិច។

ក្រៅពីកិច្ចពិភាក្សាការងារពីផលប៉ះពាល់នៃថ្នាំជក់នេះ ឯឧ. ឃួង ស្រេងក៏បានអរគុណទៅដល់ប្រធានាធិបតីហ្វីលីពីន ដែលបានគាំទ្រចំពោះលទ្ធផលបោះឆ្នោតសកលនៅកម្ពុជាក្នុងឆ្នាំ២០១៨នេះ។

លោក ស្រី ស៊ូសាន មើកាដូ អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីន និងជាបេក្ខភាពប្រធាន អង្គ ការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានលើកឡើងថា រាជធានីភ្នំពេញពិតជាបានទទួល ជោកជ័យ ចំពោះការគ្រប់គ្រងថ្នាំជក់ ដោយសារមានថ្នាក់ដឹកនាំល្អ ដែលធ្វើឲ្យទីក្រុងភ្នំពេញមួយនេះ មានឈ្មោះល្បីក្នុងតំបន់ និងលើឆាកអន្តរជាតិ ដែលសព្វថ្ងៃទីក្រុងភ្នំពេញមានការរីកចំរើនខ្លាំងនៃទីផ្សារពាណិជ្ជកម្ម។ លោកស្រីបន្តថា វិធានការដែលមានប្រសិទ្ធភាពក្នុងការលប់បំបាត់ថ្នាំជក់គឺត្រូវដំឡើងពន្ធថ្នាំជក់ ឲ្យកាន់តែខ្ពស់ ពេលនោះអ្នកជក់បារីនឹងមិនបន្តជក់បារីទៀតឡើយ ហើយរដ្ឋក៏រកចំណូលបានច្រើនផងដែរ។ លោកស្រី បញ្ជាក់ថា កាលណាទីក្រុងមួយគ្មានផ្សែងបារី ទីក្រុងនោះ នឹងមានការរីកចំរើនលឿន ខាងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ដោយសារថា ទីក្រុងមានបរិស្ថានល្អមិនមានផ្សែងបារី។

សូមបញ្ជាក់ថា៖ ថ្នាំជក់ ឬបារី គឺមូលហេតុដ៏ចម្បងមួយនៃមរណភាពនៅលើពិភពលោក ពោលគឺក្នុងចំណោមមនុស្សពេញវ័យ១០នាក់ មានម្នាក់ស្លាប់ដោយឥទ្ធិពលបារី។ ក្នុងមួយឆ្នាំៗ ជំងឺបង្កមកពីបារី និងផ្សែងបារីបានសម្លាប់មនុស្សជិត៦លាននាក់ នៅលើពិភពលោក និងកន្លះលាននាក់ជាមនុស្សស្រូបផ្សែងបារីពីគេ។ ចំនួនជនរងគ្រោះនេះ នឹងអាចកើនឡើដល់៨លាននាក់ ដល់ឆ្នាំ២០៣០ ក្នុងនោះជនរងគ្រោះជាង៨០%ជាប្រជាជនរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មានប្រាក់ចំណូលតិច និងមធ្យម៕