ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋសភាអាណត្តិទី៦នេះ មិនបានកើតឡើងដោយឯកបក្សនោះទេ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

គណបក្សដឹកនាំរាជរដ្ឋាភិបាល បានបំភ្លឺថា រដ្ឋសភាអាណត្តិទី៦នេះ មិនបានកើតឡើងដោយឯកបក្សដូចការរិះគន់របស់ក្រុមប្រឆាំងមួយចំនួនតូចនោះទេ ដោយសារតែមានអនុវត្តច្បាប់ដោយគោរពលើស្មារតី និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា រដ្ឋសភាអាណត្តិទី៦នេះ កើតឡើងដោយឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាពិតប្រាកដ តាមរយៈការបោះឆ្នោតស្ថិតក្នុងបរិយាកាសនយោបាយអព្យាក្រឹត សេរី ពហុបក្ស តម្លាភាព សន្តិភាព និងគ្មានអំពើហិង្សា។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយពីបានទទួលជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលថ្មី ដែលធ្វើឡើងនៅសណ្ឋាគារភូគីត្រាភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែសីហានេះ ឯកឧត្តមបានពន្យល់ថា លទ្ធផលនៃការទទួលបានអាសនៈក្នុងរដ្ឋសភាទាំងស្រុង ពីការប្រកួតប្រជែងដោយការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ដែលមានការចូលរួមរហូតដល់២០គណបក្សនយោបាយនេះ គឺឆ្លុះបញ្ចាំងទាំងស្រុងពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជា ដែលមានការជឿទុកចិត្តទៅលើគណបក្សប្រជាជនកម្ពុជា ក្នុងការត្រួសត្រាយផ្លូវស្វែងរកសុខសន្តិភាព ការអភិវឌ្ឍ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ។

ឯកឧត្តម បានសម្តែងការសោកស្តាយចំពោះក្រុមប្រទេសប្រជាធិបតេយ្យលោកខាងលិចមួយចំនួន ដែលប្រកាសមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា ដោយចោទថា មិនឆ្លុះបញ្ចាំងពីដំណើរការប្រជាធិបតេយ្យ ផ្ទុយពីការវាយតម្លៃរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិមកពីប្រទេសចិន រុស្ស៊ី ម៉ាឡេស៊ី ឥណ្ឌា វៀតណាម ថៃ ជាដើម ដែលចូលរួមឃ្លាំមើលដំណើរការបោះឆ្នោត និងរាប់សន្លឹក កាលពីថ្ងៃទី២៩ ខែកក្កដា ថា បានដំណើរការតាមនីតិវិធីដោយភាពត្រឹមត្រូវ តម្លាភាព ទំនុកចិត្ត ឥតលម្អៀង យុត្តិធម៌ សេរី ពហុបក្ស។

តាមលទ្ធផលផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដែលផ្សាយជាសាធារណៈកាលពីយប់ថ្ងៃទី១៥ ខែសីហា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអាសនៈរដ្ឋសភាទាំង១២៥ សម្រាប់នីតិកាលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជាជាង៤លាន៨៨ម៉ឺន ស្មើនឹងជាង៧៧ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានបោះឆ្នោតគាំទ្រ កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅនេះ៕