ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណ ជនរួមជាតិ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតគ្រប់គ្រងអាសនៈ ទាំង១២៥ នៅក្នុងរដ្ឋសភា

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ ក្រោយពីគ.ជ.ប ប្រកាសលទ្ធផលផ្លូវការ នៃការបោះ ឆ្នោត ជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី សម្រាប់ អាណត្តិថ្មី កាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានផ្ញើសារ​ថ្លែង​អំណរគុណ ដល់ជនរួមជាតិ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជន​កម្ពុជា រហូតឈ្នះអាសនៈ ទាំងស្រុង១២៥ នៅក្នុងរដ្ឋសភា។
ក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «អរគុណបង​ប្អូន​ជន​​​រួមជាតិទូទាំងប្រទេស ដែលបានសម្រេចចិត្តទៅបោះឆ្នោត ជ្រើស​តាំង​តំណាងរាស្រ្ត នីតិកាលទី៦ (២០១៨-២០២៣) កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងមកនេះដែលមានចំនួនពលរដ្ឋ ទៅបោះឆ្នោតដ៏ច្រើនលើស​លុប បំផុត ៦,៩៥៦,៩០០ (៨៣.០២%)«។
«សូមអរគុណបងប្អូនកូនក្មួយ សមាជិកសមាជិការគណបក្ស ប្រជាជន​ទូ​ទាំង​​ប្រទេស ជាពិសេសដែលបាន ចូលរួមយ៉ាងសកម្ម ទាំងនៅក្នុងពេល​យុទ្ឋនាការឃោស​នាបោះឆ្នោត និងបានទៅបោះឆ្នោតគាំទ្រ គណបក្ស​ប្រ​ជា​​ជនលេខ២០ ភ្លូកទឹក​ភ្លូក​ដី ដែលលទ្ឋផលផ្លូវការពី គ.ជ.ប នៅមុននេះ​បន្តិចគឺបានប្រកាសថា គណបក្សប្រជាជនកម្ពុជា ឈ្នះអាសនៈទាំង ១២៥ នៅគ្រប់ខេត្តក្រុង ទាំង២៥​មណ្ឌល។ នេះសរបញ្ជាក់ឱ្យឃើញច្បាស់ថា បង​ប្អូនជនរួមជាតិមានជំនឿទុក​ចិត្តឥតងាករេលើការដឹកនាំ ដ៏ត្រឹមត្រូវ​របស់​គណបក្សប្រជាជន ដែលមាន សម្តេច​តេជោ ហ៊ុន សែន ជាប្រមុខ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់បំផុត ហើយបងប្អូនបានសម្រេចចិត្ត​ ជ្រើសរើសសន្តិភាព ការអភិ​វឌ្ឍ និងបន្តចាក់ឬសប្រជាធិបតេយ្យ ជាសំខាន់បំផុត​ សម្រាប់ប្រទេសជាតិ យើងទាំងមូល»។

សម្តេចតេជោ ហ៊ុន​ សែន ក៏បានថ្លែងអំណរគុណ គណបក្សនយោ​បាយ​ទាំង ១៩ទៀត ដែលបាន​ចូលរួមប្រកួតប្រជែង នៅក្នុងការបោះ​ឆ្នោត​តាម​បែប លទ្ឋិប្រជាធិបតេយ្យ ដោយ​ស្មើ​ភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយ​ប្រកាសថា រាជរដ្ឋាភិបាលអាណត្តិទី៦ ថ្មីនឹងត្រូវបាន​រៀបចំបង្កើត នៅ​សប្តាហ៍​ទី១នៃ ខែកញ្ញាខាងមុខនេះ។

គួរបញ្ជាក់ថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិ រើសតាំងតំ​ណាង​រាស្រ្ត នីតិកាលទី០៦ បានបង្ហាញទាំងស្រុងហើយ នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨​ ដោយគណៈកម្មាធិការជាតិ រៀបចំការបោះ​ឆ្នោត បានប្រកាសថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភាតែម្តង ចំណែកគណបក្ស​ផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោត ពុំបានទទួលអាសនៈ ឡើយ។

លទ្ធផលផ្លូវការ ដែលចេញផ្សាយដោយ គ.ជ.ប បានឲ្យដឹងថា គណបក្ស​ប្រ​ជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បាន​ទទួលសំឡេង គាំទ្រច្រើនលើសលប់ រហូតដល់៤,៨៨៩,១១៣សំឡេង ស្មើ​នឹងប្រមាណ ៧៧ភាគរយ នៃសំឡេងសន្លឹកឆ្នោតបានការ ទាំងមូល ៦,៣៦២,២៤១ ៕