ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ស្នើអភិបាលក្រុងអានសានពិនិត្យលទ្ធភាពក្នុង ការបង្កើតចំណងមិត្តភាពរវាងរាជធានីភ្នំពេញ ឬខេត្ត នៃប្រទេសទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨–ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ឯកឧត្ដម ឡុង ឌីម៉ង់ បានស្នើដល់អភិបាល ក្រុងអានសាន ពិនិត្យលទ្ធភាពក្នុងការបង្កើតចំណង មិត្តភាពជាមួយនឹងរាជធានីភ្នំពេញ ឬខេត្តណាមួយរបស់ព្រះរាជាណាចក្រកម្ពុជាដើម្បីរឹតចំណងមិត្តភាពបន្ថែមទៀតក្នុងក្រប ខណ្ឌថ្នាក់ក្រោមជាតិនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត។ ទន្ទឹមនេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសាលាក្រុងអានសាន បានសន្យាថា នឹងបន្ដ កិច្ចសហការ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីលើកស្ទួយវប្បធម៌ អរិយធម៌នៃប្រទេសទាំងពីរ និងការគាំពារដល់សហគមន៍ខ្មែរដែលរស់នៅទីក្រុងអានសាន។

ការលើកឡើងនេះ ធ្វើឡើង ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Wha Sub Yoon អភិបាលទីក្រុងអានសាន និងលោកប្រធានមជ្ឈមណ្ឌប្រឹក្សាយោបល់ជន បរទេសនៃទីក្រុងអានសាន កាលពីថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៨ ។

ឯកឧត្ដម ឡុង ឌីម៉ង បានជំរុញដល់អភិបាលក្រុងអានសាន ពិនិត្យលទ្ធភាពក្នុងការបង្កើត ចំណងមិត្តភាពជាមួយនឹងរាជធានីភ្នំពេញ និងខេត្ដរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្ដម Wha Sub Yoon បានលើកឡើងថា នឹងយកសំណើរ នេះមកពិនិត្យពិភាក្សា និងឆ្លើយតបវិញក្នុងពេលខាងមុខនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ សម្រាប់ព្រះរាជាណាចក្រកម្ពុជា មានរាជធានី-ខេត្ត ដែល បានចងសម្ព័ន្ធភាពជាមួយនឹងសាធារណរដ្ឋកូរ៉េ ដូចជា រាជធានីភ្នំពេញបានចងសម្ព័ន្ធភាព ជាមួយនឹងទីក្រុងប៊ូសាន និងទីក្រុងអ៊ិនឆន់ ខេត្តសៀមរាបបានចងសម្ព័ន្ធភាពជាមួយនឹង ទីក្រុងស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ៕


ដោយ សួស សំរិត