ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអះអាងថា ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពន្ធ នៅឆមាសទី១ ឆ្នាំ២០១៨ សម្រេចបានជាង ៦ប៊ីលានដុល្លារ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨–​ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអះអាងថា ការនាំចេញ របស់កម្ពុជានៅក្រោមប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ឆមាសទី១ នៃឆ្នាំ២០១៨ មានតម្លៃ ៦,២២៩លានដុល្លារអាម៉េរិក គឺបានកើនឡើងជាង ១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៧ ដែលមានទឹកប្រាក់ត្រឹមតែ ៥,៣៨៦លានដុល្លារអាម៉េរិកប៉ុណ្ណោះ។

នេះបើ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មចេញ ផ្សាយនាថ្ងៃនេះ។

​ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងបែបនេះ ខណៈដែលឯកឧត្តមអញ្ជើញចូលរួម ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ស្តីពីអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯក សារនាំចេញ-នាំចូល(ជំនាន់ទី២ និងទី៣) និងបើកវគ្គបណ្តុះបណ្តាលអ្នកតំណាងស្របច្បាប់ ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល(ជំនាន់ទី៤)នា​ព្រឹក​ថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែ​សី​ហា​ ​ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម​។

​ឯកឧត្តម ឱក ប៊ុង បានបញ្ជាក់ថា សហភាពអឺរ៉ុប អាម៉េរិក កាណាដា ជប៉ុន ចិន និងអាស៊ាន គឺជាទីផ្សារដែលស្រូបយកផលិតផលកម្ពុជាមានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប ជ័រកៅស៊ូ អង្ករ ដំឡូងមី និងផលិតផលកសិកម្ម ផ្សេងៗជាច្រើនទៀត។ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការអបអរចំពោះសិក្ខាកាមចំនួន ១១៤នាក់ ដែលបានឆ្លង កាត់វគ្គបណ្តុះបណ្តាល ជំនាន់ទី២ និងទី៣ ដោយជោគជ័យ ព្រមទាំងសិក្ខាកាមចំនួន ៦៤នាក់ ដែលត្រូវបានជ្រើសរើសចូលរៀនវគ្គបណ្តុះបណ្តាលជំនាន់ទី៤ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែសីហា ដល់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ។

​ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសំណូមពរដល់សិក្ខាកាមទាំងអស់ ប្រើប្រាស់ចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាល ទៅអនុវត្តន៍ការងារឱ្យបានត្រឹមត្រូវ ជាពិសេសចេះទទួលខុសត្រូវចំពោះមុខច្បាប់ នូវព័ត៌មាន និងឯកសារដែលបានផ្តល់ មកក្រសួងស្របតាមខ្លឹមសារប្រកាសលេខ ២៥៨ព.ណ.ចបព.ប្រក ស្តីពីការទទួលស្គាល់ អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំ ចុះបញ្ជីពាណិជ្ជកម្ម ឬឯកសារនាំចេញ-នាំចូលនៅ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

​គួររម្លឹកថា ទឹកប្រាក់នាំចេញរបស់កម្ពុជា នៅក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ ទីផ្សារបរទេសក្នុងឆ្នាំ២០១៧ មានតម្លៃសរុប ១១,១៥៣លានដុល្លារអាម៉េរិក គឺបានឡើង ប្រមាណ១៨ភាគរយ បើប្រៀបធៀបឆ្នាំ២០១៦ ដែលមានទឹកបា្រក់ត្រឹមតែ ៩,៤២១លាន ដុល្លារអាម៉េរិក៕

ដោយ សាយ សុន