ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោថ្លែងថា ធនធានមនុស្សដែលមកពីគណបក្សផ្សេងដែលមានសមត្ថភាពអាចនឹងទទួលតំណែងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬទីប្រឹក្សាស្ថាប័ន

AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨–​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាន​ប្រសា​ស​ន៍​ថា សម្ដេចនឹងពិនិត្យ​ទៅ​ដល់​គណបក្សនយោបាយផ្សេងមួយចំនួនដែលមានធនធាន​មនុ​ស្ស​ប្រ​កបដោយសមត្ថភាព​​​ ដើម្បីឱ្យមកធ្វើ​ជា​រដ្ឋ​លេ​ខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាស្ថាប័ន ឬ​ទី​ប្រឹក្សារាជរដ្ឋាភិបាល ដែលសម្ដេចចង់ឱ្យរាជរដ្ឋាភិបាលអាណត្តិទី៦នេះ ជាអាណត្តិនៃ​ការ​ប្រ​មូលធនធានខួរក្បាល​។

​ក្នុងពិធីសំណោះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួនជាង ១៥០០០នាក់​ដែ​ល​​​មក​ពីរោងចក្រ សហគ្រាសចំនួន១៧ ក្នុងរាជធានីភ្នំពេញ ដែលពិធីនេះត្រូវបានប្រារព្ធធ្វើ​ឡើ​​ង​​​នា​ព្រឹក​ថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែ​សី​ហា​ ​ឆ្នាំ២០១៨ នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខនោះ សម្ដេចតេជោមាន​ប្រសា​ស​​​ន៍​​​ថា ប៉ុ​ន្តែ​​ក៏សូមផ្ដាំឱ្យហើយចំពោះល្បែងរត់ការយកលុយដើម្បីទទួលបានតំណែង ក្នុង​នោះ​ គណបក្សប្រជាជន ក៏មានល្បែងរត់​ការ​យកលុយដែរ ខ្ញុំក្ដាប់បានមុខសញ្ញា​មួយ​ចំនួន​ហើ​យ​ កុំរត់ការឱ្យសោះ ព្រោះហ៊ុន សែន​ជា​អ្ន​ក​រៀបចំរដ្ឋាភិបាល។ ប៉ុន្តែក៏មានគណបក្ស​ពីរ​ទៀត​ក៏​​​​កំពុងតែរត់ការយកលុយផងដែរ គឺទីមួយ​គណ​បក្សខ្មែររួបរួមជាតិ និងទីពីរ​គណបក្សហ៊្វុន​ស៊ិ ន​ប៉ិច ក៏កំពុងមានមនុស្សមួយចំនួនរត់​ការ​យ​ក​លុយផងដែរ។

សូមផ្ដាំឱ្យហើយទៅថា ការ​តែង​​តាំ​ងលើកដំបូងនេះ គឺមានតែមនុស្សក្នុង​គ​ណ​បក្ស​ប្រជាជនទាំងអស់នៅក្នុងរដ្ឋាភិបាល អ​ត់​​មា​ន​​លាយឡំ។

បន្ទាប់មកខ្ញុំនឹងពិនិត្យ​ទៅ​ដល់​គណបក្សមួយចំនួនដែលមានធនធាន​មនុ​ស្ស​​​គ្រា​ន់​​បើ ខ្ញុំអាចអញ្ជើញគេឱ្យមកធ្វើ​ជា​រដ្ឋ​លេ​ខាធិការ អនុរដ្ឋលេខាធិការ ឬទីប្រឹក្សាស្ថាប័ន និង​រាជ​រដ្ឋាភិបាល ដែលខ្ញុំនឹង​ពិនិត្យមើល​តាម​ក្រោយ។

ប៉ុន្តែបើធ្វើយ៉ាងដូច្នេះ គឺជាការចូល​មក​អនុវត្តន៍ទាំងស្រុង នូវគោលនយោបាយ​របស់​គណបក្សប្រជាជនតែប៉ុណ្ណោះ។

សម្ដេចតេជោ​គូ​ស​​បញ្ជាក់ថា ខ្ញុំមិនអាចយកគោល​ន​យោ​បាយរបស់បក្ស នយោបាយណា មកអនុវត្តន៍ជំនួស​ឱ្យ​គោ​លនយោបាយរបស់គណបក្សប្រ​ជា​ជនកម្ពុជា ដែលប្រជាជនបានបោះឆ្នោតគាំទ្រភ្លូក​ទឹ​ក​​ភ្លូ​ក​​ដីបានទេ ប៉ុន្តែខ្ញុំអាចយកធាតុចូល​បក្សផ្សេង ដើម្បីជួយជំរុញអនុវត្តន៍នូវគោល​ន​យោ​​​បា​យ​រប​ស់គណបក្សប្រជាជនបាន៕

ដោយ ជឹម ណារី