ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមប្រឹក្សាធម្មនុញ្ញបិទផ្លូវតវ៉ា ករណីបណ្តឹងតវ៉ាចំពោះបុគ្គលបំផុសពលរដ្ឋមិនឱ្យទៅបោះឆ្នោត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖
ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបិទផ្លូវតវ៉ាករណីបណ្តឹងតវ៉ាចំពោះបុគ្គលបំផុសពលរដ្ឋមិនឱ្យទៅបោះឆ្នោតតាម​ការ​​សម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះគណៈកម្មាធិការ​ជាតិរៀបចំការ​បោះ​ឆ្នោត ហៅកាត់ គ.ជ.ប​​​ បន្ទាប់ពីបើកការស៊ើបអង្កេតសួរដេញដោលទៅលើសំណុំរឿងនេះ មិនមានអង្គហេតុដែលលើកលែងការចោទប្រកាន់បាន។
ក្រុមប្រឹក្សាធម្មនុញ្ញនៅព្រឹកនៅថ្ងៃទី១៥ ខែសីហានេះ បានបើកការស៊ើបអង្កេតសួរ​ដេញ​ដោល​ចំ​ពោះបុគ្គលចំនួន៣រូប ដែលជាប់រងការចោទប្រកាន់ធ្វើសកម្មភាពបំផុសប្រជាពលរដ្ឋមិន​ឱ្យទៅ​បោះឆ្នោត បន្ទាប់ពីត្រូវបាន គ.ជ.ប សម្រេចពិន័យជាប្រាក់តាមច្បាប់កំណត់ កាលពីថ្ងៃទី៨ ខែ​សីហា ឆ្នាំ២០១៨។

បុគ្គលទាំង៣នាក់ ដែលរងការពិន័យដោយគ.ជ.បនោះមានឈ្មោះ៖ លោក ថោង សារឿន និង​លោក គ្រុយ គឹមសាំង ដោយក្នុងម្នាក់ៗ ចំនួន៥លានរៀល ខណៈលោក ជា ជីវ ពិន័យជា​ប្រាក់​១០លានរៀល ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត បន្ទាប់ពីរកឃើញថា បានធ្វើ​សកម្មភាពលើកម្រាមដៃស្អាតនៅក្នុងពិធីជួបជុំសហសេវិកអតីតគណបក្សសង្គ្រោះជាតិ ក្នុងអំ​ឡុង​ពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ កាលថ្ងៃ​ទី១៩ ខែកក្កដា រួចបន្តង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម។
ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានអានសេចក្តីសម្រេចនៅ​ចំពោះមុខមេ​ធា​វីការពារកូនក្តី ក្រោយពេលកាត់សេចក្តីនៅរសៀលថ្ងៃដដែលនេះ ដោយសម្រេចតម្កល​សេចក្តី​សម្រេចរបស់គ.ជ.ប ទុកជាបានការដដែល ព្រមទាំងបិទផ្លូវតវ៉ា ហើយមានអនុភាពអនុវត្ត​ទៅ​លើ​​​អំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច។
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង បានពិន័យទៅលើបុគ្គលចំនួន៥នាក់ ដោយ​ក្នុង​ម្នាក់ៗ ចំនួន១០លានរៀល ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ពីបទធ្វើឱ្យ​ភាន់ច្រលំ ដែលនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ដោយយោង​តាមមា​ត្រា១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ប៉ុន្តែក្នុងចំណោម​បុគ្គល​ទាំង៥​នាក់​នេះ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប លើកលែងការចោទប្រកាន់ចំនួន២នាក់គឺ៖ លោក ម៉ាង ឈុន និងលោក ពៅ តាំង ដោយសារជនទាំង២នាក់នេះ គ្រាន់តែជាជនដែល​ត្រូវអ្នកទាំង​៣​នាក់ខាងលើ ធ្វើការភ្ជាប់(Tag)ក្នុងបណ្តាញទំនាក់ទំនងសង្គម អំពីការបង្ហោះរូបភាព ដែលមាន​បំណង​រារាំងមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត៕