ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ស្ថានឯកអគ្គរាជទូតកម្ពុជា និងសាលា ក្រុងអានសានប្រទេសកូរ៉េ សន្យារួមគ្នា លើកស្ទួយវប្បធម៌ អរិយធម៌នៃប្រទេសទាំងពីរ និងការគាំពារដល់សហគមន៍ខ្មែរ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបថត ដោយ លោក ចន ណារិទ្ធ៖

សាធារណរដ្ឋកូរ៉េ៖ ឯកអគ្គរាជទូតកម្ពុជា ឯកឧត្តម ឡុង ឌីម៉ង់ និងសហការី នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នេះ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Wha Sub Yoon អភិបាលទីក្រុងអានសាន និងលោកប្រធានមជ្ឈមណ្ឌប្រឹក្សាយោបល់ជនបរទេសនៃទីក្រុងអានសាន និងបានផ្ដល់សម្លៀកបំពាក់ប្រពៃណីក្នុងពិធីមង្គលការចំនួន ២ឈុត ជូនមជ្ឈមណ្ឌលវប្បធម៌នៃទីក្រុងអានសាន ដើម្បីទុកតាំងបង្ហាញ។

មន្ត្រីស្ថានរាជទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េ បានឲ្យដឹងថា ក្នុងជុំនួបនោះ ឯកឧត្តមឯកអគ្គរាជទូតបានស្នើដល់អភិបាលក្រុងអានសាន ដើម្បីពិនិត្យលទ្ធភាពក្នុងការបង្កើតចំណងមិត្តភាពជាមួយនឹងរាជធានីភ្នំពេញ ឬខេត្តណាមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតបន្ដឹងចំណងមិត្តបន្ថែមទៀតក្នុងក្របខ័ណ្ណថ្នាក់ក្រោមជាតិនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តមអភិបាលក្រុងរីករាយ ហើយថ្លែងអំណរគុណដល់ឯកអគ្គរាជទូត ហើយសន្យានឹងយកសំណើរនេះមកពិនិត្យពិភាក្សា នឹងឆ្លើយតបវិញក្នុងពេលខាងមុខនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា មានរាជធានី-ខេត្ត ដែលមានសម្ព័ន្ធមិត្តជាមួយនឹងសាធារណរដ្ឋកូរ៉េដូចជា រាជធានីភ្នំពេញ បានចងសម្ព័ន្ធភាពជាមួយនឹងទីក្រុងប៊ូសាន និងទីក្រុងអ៊ិនឆន់ ហើយខេត្តសៀមរាបបានចងសម្ព័ន្ធភាពជាមួយនឹងទីក្រុងស៊ូវ៉ុន ហើយសមិទ្ធិផលផ្លែផ្កាជាវិជ្ជមាននៃចំណងមិត្តភាពក៏បាននឹងកំពុងរីកដុះដាលជាបន្ដបន្ទាប់ផងដែរ ៕