ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ស៊ីរីប្រកាសថា កន្លែងឆ្លងកាត់ព្រំដែនជាមួយហ្សកដានី ត្រៀមទទួលយកជនភៀសខ្លួនស៊ីរី

AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ — ទីភ្នាក់ងារព័ត៌មានរដ្ឋ ​SANA កន្លែងឆ្លងកាត់ព្រំដែន​ Nasib ដែលចាប់យកបានកាលពីពេលថ្មីៗនេះ នៅចន្លោះប្រទេសស៊ីរី និងហ្សកដានីនោះត្រៀមខ្លួនទទួលយកការវិលត្រឡប់របស់ជនភៀសខ្លួនស៊ីរីមកពីប្រទេសហ្សកដានី ។
សេចក្តីរាយការណ៍បាននិយាយថា កន្លែងឆ្លងកាត់ ​ Nasib ដែលយោធាស៊ីរីចាប់យកបានពីពួកឧទ្ទាមកាលពីក្នុងខែកក្កដា នៅក្នុងខេត្តដារ៉ាអាភាគខាងត្បូងនោះត្រៀមខ្លួនទទួលយកជនភៀសខ្លួនស៊ីរីរាប់រយនាក់ពីប្រទេសហ្សកដានី ដែលធ្វើម្ចាស់ផ្ទះជនភៀសខ្លួនស៊ីរី ១,៤លាននាក់ ។

សេចក្តីរាយការណ៍នេះមិនបានបង្ហើបឱ្យដឹងនូវព័ត៌មានលម្អិតថែមទៀតទេ អំពីការបើកដែលអាចមានកន្លែងឆ្លងកាត់សម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

កាសែត al-Watan ស្និទ្ធរដ្ឋាភិបាលបាននិយាយពីថ្ងៃព្រហស្បតិ៍មុនថា កិច្ចប្រជុំជាលើកដំបូងរវាងគណៈប្រតិភូមួយ នៃពួកអ្នកសេដ្ឋកិច្ចហ្សកដានី និងគណៈប្រតិភូស៊ីរី ដែលដឹកនាំដោយរដ្ឋមន្ត្រីពាណិជ្ជកម្មក្នុងស្រុកលោក ​អាប់ឌុលឡា អាល់- ហ្គាប៊ី បានធ្វើឡើងក្នុងក្រុងដាម៉ាស់ កាលពីសប្តាហ៍កន្លងទៅដែលមានបំណងបង្កើតឡើងវិញនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ព្រមទាំងការបើកឱ្យបានរហ័ស កន្លែងឆ្លងកាត់ Nasib ។
កាសែតនោះបាននិយាយបន្ថែមថា កិច្ចប្រជុំនោះ​គឺជាផ្នែកមួយនៃការរាប់ថយក្រោយសម្រាប់ការបើកឡើងវិញកន្លែងឆ្លងកាត់នេះ ។

កន្លែងឆ្លងកាត់នេះ គឺជាចំណុចព្រំដែនផ្លូវការតែមួយជាមួយប្រទេសហ្សកដានី ហើយវាត្រូវបានគេបិទចាប់តាំងពីពួកឧទ្ទាមបានចាប់យកកន្លែងនេះក្នុងឆ្នាំ២០១៥ ។

នៅមុនមានវិបត្តិ កន្លែងឆ្លងកាត់នេះ គឺជាកន្លែងឆ្លងកាត់ព្រំដែនដែលមមាញឹកបំផុតនៅក្នុងប្រទេសស៊ីរី​ព្រោះវាស្ថិតនៅលើផ្លូវហាយវ៉េអន្តជាតិដាម៉ាស់​- អាម៉ង់ ។

គេក៏ចាត់ទុកកន្លែងនេះផងដែរថា ជាកន្លែងឆ្លងកាត់ដីគោកយ៉ាងសំខាន់បំផុតមួយក្នុងមជ្ឈិមបូព៌ា ព្រោះវាជាកន្លែងឆ្លងកាត់យ៉ាងសំខាន់សម្រាប់ការនាំចេញរបស់ស៊ីរីទៅកាន់ប្រទេសហ្សកដានី និងបណ្តាប្រទេសឈូងសមុទ្រ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )