ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វៀតណាម និងអូស្រ្តាលីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ — អនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម លោក Nguyen Chi Vinh បាននិយាយថា កិច្ចពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម – អូស្ត្រាលី លើកទី ១២ ដែលនឹងពិភាក្សាលើបញ្ហាជាច្រើននោះ ត្រូវបានរំពឹងថា នឹងជំរុញទំនាក់ទំនងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។
អនុរដ្ឋមន្រ្តីរូបនេះបានធ្វើអត្ថាធិប្បាយដូច្នេះ នៅឯពិធីទទួលស្វាគមន៍មួយនៅទីក្រុងហាណូយកាលពីថ្ងៃទី ១៤ ខែសីហា សម្រាប់គណៈប្រតិភូអូស្ត្រាលីដែលមកចូលរួមកិច្ចពិភាក្សានេះ និងដឹកនាំដោយលោក Stephen Moore ជំនួយការរដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី។

លោក Vinh បាននិយាយថា កិច្ចពិគ្រោះយោបល់នេះក៏នឹងជួយឱ្យភាគីទាំងពីរបង្កើនតួនាទីនៃកិច្ចពិគ្រោះយោបល់របស់ពួកគេ និងយន្តការសន្ទនារបស់ប្រទេសទាំងពីរក្នុងគ្រប់កម្រិតដែលដំបូង គឺកិច្ចសន្ទនាជាយុទ្ធសាស្រ្តការពារជាតិផ្នែកការទូត និងកិច្ចពិភាក្សាគោលនយោបាយការពារជាតិ ដែលត្រូវធ្វើនៅខែតុលាខាងមុខនេះ។

មន្ត្រីរូបនេះបានកត់សម្គាល់ថា ក្រសួងការពារជាតិវៀតណាមចាត់ទុកអូស្រ្តាលីជាដៃគូដ៏សំខាន់មួយ ដែលបានគាំទ្រប្រទេសនេះក្នុងការកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលរក្សាសន្តិភាពរបស់ខ្លួន។

លោក Vinh បានថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលីចំពោះការប្តេជ្ញាចិត្តក្នុងការឧបត្ថម្ភគ្រឿងបរិក្ខារ និងមធ្យោបាយដឹកជញ្ជូនដល់មន្ទីរពេទ្យវៀតណាមក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។

សម្រាប់ប្រទេសអូស្រ្តាលី លោក Moore បាននិយាយថា ប្រធានបទដែលស្នើសុំដោយម្ចាស់ផ្ទះ រួមទាំងកិច្ចសហប្រតិបត្តិការរវាងអង្គភាពយោធា បេសកកម្មថែរក្សាសន្តិភាព សន្តិសុខអ៊ិនធើណែត និងការកាត់បន្ថយសង្រ្គាមបន្ទាប់ពីសង្គ្រាមនៅក្នុងប្រទេសវៀតណាម នឹងត្រូវបានពិភាក្សានៅក្នុងកិច្ចពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិនេះ៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)