ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ.ជ.ប ថា លទ្ធផលបោះឆ្នោតផ្លូវការមិនមានការប្រែប្រួលផ្ទុយពីលទ្ធផលបណ្តោះអាសន្ននោះទេ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប អះអាងថា លទ្ធផលបោះ​ឆ្នោតផ្លូវ​ការ​​ដែលចេញផ្សាយនៅល្ងាចនេះ មិនមានការប្រែប្រួលផ្ទុយពីលទ្ធផលដែល​ចេញផ្សាយ​បណ្តោះ​អាសន្ននោះទេ។
ថ្លែងប្រាប់វិទ្យុជាតិនៅព្រឹកថ្ងៃទី១៥ ខែសីហានេះ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប​ មានប្រសាសន៍ថា នីតិវិធីដែលគ.ជ.ប ប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន​ដែល​ត្រូវបានផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវពីការិយាល័យរាប់ឆ្នោត មុននឹងចេញការប្រកាស​លទ្ធផលផ្លូវ​ការ​ គឺដើម្បីទុកពេលវេលាឱ្យគណបក្សនយោបាយធ្វើការប្តឹងជំទាស់ ប៉ុន្តែប្រសិនគ្មាន​បណ្តឹង​តវ៉ា​​រយៈពេល៧២ម៉ោង ក្រោយថ្ងៃប្រកាសលទ្ធផលបណ្តោះអាសន្នទេនោះ លទ្ធផលបណ្តោះ​អាសន្ន ត្រូវបានចាត់ទុកជាលទ្ធផលបានការ ។ឯកឧត្តមបានបន្តថា ការប្រកាសលទ្ធផលផ្លូវការ ដែលផ្សាយឡើងជាសាធារណៈ តាមរយៈទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា ព្រមទាំងវិទ្យុ និងទូរទ្សសន៍អនឡាញរបស់គ.ជ.ប ចាប់ពីម៉ោង១៩:៣០នាទីយប់នេះ គឺមានដូចជាការប្រ​កាស​​សំឡេងឆ្នោតបានការសរុបទាំងអស់ ការប្រកាសឈ្មោះបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ និង​ការកំណត់បែងចែកអាសនៈ សម្រាប់គណបក្សនយោបាយឈរឈ្មោះ​បោះឆ្នោតាមមណ្ឌល​នី​មួយៗ។
យោងតាមលទ្ធផលបណ្តោះអាសន្នរបស់គ.ជ.ប បានបង្ហាញថា គណបក្សប្រជាជន​កម្ពុជា​ទទួល​បានសន្លឹកឆ្នោតគាំទ្ររហូតដល់ជាង៤លាន៨៨ម៉ឺនសំឡេង ក្នុងចំណោមគណបក្ស​ចំនួន​២០ចូលរួមប្រកួតដណ្តើមអាសនៈរដ្ឋសភាទាំង១២៥ បន្ទាប់ពីចំនួនអ្នកចេញទៅបោះ​ឆ្នោតកើន​ដល់​ជាង៨៣ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ គណបក្សដែលមានសន្លឹក​ឆ្នោត​គាំ​ទ្រ​ខ្ពស់បន្ទាប់ គឺគណបក្ស ហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយទទួល​បាន​សន្លឹកឆ្នោតសរុបជាង៣៧ម៉ឺនសំឡេង ខណៈគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួល​បានការគាំទ្រជាង៣០ម៉ឺនសំឡេង និងគណបក្សឆន្ទៈខ្មែរ ទទួលបានការគាំទ្រជាង២១​ម៉ឺន​សំ​ឡេង។
ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ផ្អែកតាម​លទ្ធ​ផលនេះ គឺគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអាសនៈរដ្ឋសភាទាំង១២៥អាសនៈ។ ឯកឧត្តម បញ្ជាក់ថា លទ្ធផលដែលស្តែងចេញពីការគាំទ្ររបស់ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស គឺបង្ហាញថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែប្រសើរឡើង តាមការ​សម្រេចចិត្ត​របស់​ម្ចាស់ឆ្នោត។
សូមបញ្ជាក់ថា ការសម្រេចប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ ដោយគ.ជ.ប នៅល្ងាចនេះ គឺបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបើកផ្លូវឱ្យប្រកាសជាសាធារណៈ ដោយយោងលើគ្មានបណ្តឹងតវ៉ា​ដោយផ្ទាល់ជាលាយលក្ខណ៍អក្សររបស់គណបក្សនយោបាយក្នុងរយៈពេល៧២ម៉ោង ក្រោយ​ថ្ងៃ​ប្រកាស​លទ្ធផលបណ្តោះអាសន្ន៕