ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរភ្នំពេញ ដាក់កម្លាំង និងរថយន្ត​ស្ទូច​ប្រចាំការ រងចាំស្ទូច រថយន្ត ដែលចតមិនគោរពច្បាប់ នៅតាមផ្លូវអាទិភាពឬផ្លូវគុំរូទាំង​១១ខ្សែ​(មានវីដេអូ)

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព ដោយ លោក ចន ណារិទ្ធ៖
រាជធានីភ្នំពេញ៖ ក្នុងកិច្ចប្រជុំបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅ​ល្ងាចថ្ងៃទី១៤ ខែសីហានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរ ដល់កងកម្លាំងទាំងអស់​ដែលបាន​រក្សា ការពារ​សន្តិ​សុខសណ្ដាប់ ធ្នាប់សុវត្ថិភាពក្នុងដំណើរការនៃយុទ្ធនា​ការឃោសនារក​សំ​ឡេង​ឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយការ​បោះ​ឆ្នោត ជូនប្រជាពលរដ្ឋក្នុង​រាជ​ធា​នីភ្នំ​ពេញបានល្អប្រសើរ។
    លោក ម៉េត មាសភ័ក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ​ បានឲ្យដឹង ក្រោយ​​​កិច្ចប្រជុំថា ក្នុងកិច្ចប្រជុំ​នោះ អភិបាលរាជធានីភ្នំពេញ បាន​បញ្ជាក់​ថា សន្តិសុខ គឺជាសេចក្តីត្រូវការរួមរបស់ប្រជាពលរដ្ឋ​គ្រប់រូប ដែលមិន​អាច​ខ្វះ​បាន អ្នកណាក៏ត្រូវការសន្តិសុខដែរ ។ឯកឧត្តម បន្តថា ក្នុងអំឡុង​យុទ្ធនា​ការ​ឃោសនា​រក​​​​សំឡេងឆ្នោត ជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៦ ឆ្នាំ​២០១៨ បានប្រព្រឹត្តទៅដោយរលូន ពុំមាន​បញ្ហា​អ្វី​កើតឡើងគួរឱ្យកត់​សំ​គាល់នោះទេ និងបានធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ ដោយ​សារ​តែរដ្ឋ​បា​ល​រាជ​​​ធានីរក្សាបានសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់របៀបរៀបរ​យសា​ធារណៈបានល្អ ។
លោក ម៉េត មាសភ័ក្ដី បានបញ្ជាក់ថា ឯកឧត្តម ឃួង ស្រេង អភិបាល​រាជ​ធា​នីភ្នំពេញ នៅបានបាន​ជំ​រុញ​ឱ្យអាជ្ញាធរខណ្ឌទាំង១២ នៅរាជធានីភ្នំពេញ បន្ត​ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ២៤ម៉ោង លើ​២៤​ម៉ោង​មិនមែន​តែ​ការបោះឆ្នោតនោះទេ ក្រោយបោះឆ្នោតក៏នៅ​បន្តរក្សាការងារ​នេះជូនប្រ​ជា​ពលរដ្ឋឱ្យ​បាន​​​​ល្អ​ជាប្រចាំ។ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងអំ​ឡុងនៃយុទ្ធនាការ​ឃោស​នា​បោះឆ្នោត និង​នៅថ្ងៃបោះឆ្នោត នៅរាជធានី​ភ្នំ​ពេញទាំងមូលមិនមានអំពើហឹង្សាណាកើត​ឡើង​នោះ​ទេ ហើយ​គណ​បក្ស​នយោបាយ ទាំង២០ដែលធ្វើសកម្មភាពនៅភ្នំពេញ គឺមានភាពចាស់ទុំ​ផ្នែក​នយោ​បាយ ដោយ​មិន​បាន​ប្រើ​ពាក្យសំដីដែលធ្វើឱ្យប៉ះពាល់ទៅដល់​គណ​បក្សនិមួយៗនោះឡើយ ។ប៉ុន្តែ​ទោះបីជាសន្តិសុខ​សណ្តាប់​​​ធ្នាប់មានភាព​រលូនក៏ដោយ ឯកឧត្តម ឃួង ស្រេង នៅតែណែនាំដល់​អាជ្ញាធរគ្រប់​ខណ្ឌ​ទាំង​១២ កម្លាំង​នគរ​បាលស្នងដ្ឋាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ត្រូវ​តែ​បន្តពង្រឹក​រក្សាសន្តិសុខ​សណ្តាប់​ធ្នាប់​ឱ្យកាន់តែល្អ​ប្រសើរថែមទៀត ។
លោក ម៉េត មាសភ័ក្ដី បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះ អភិបាលរាជ​ធានី​ភ្នំ​ពេញ បានណែនាំឱ្យ​អាជ្ញា​ធរ​ត្រូវបន្តយកចិត្តទុកដាក់ រៀបចំ​សណ្ដាប់​ធ្នាប់​ផ្លូវទាំង១១ខ្សែឱ្យបានម៉ឹងមាត់បន្ថែមទៀត ជាពិសេសត្រូវ​ដាក់​​កម្លាំង និង​រថ​យន្ត​ស្ទូច​ប្រចាំការ ដើម្បីស្ទូចរថយន្តដែលមិនគោរពច្បាប់​នៅតាមដងផ្លូវ​ទាំង​​​១១ខ្សែ​ដែលរដ្ឋបាលរាជធានីភ្នំពេញ ចាត់ទុកជាអាទិភាពជាផ្លូវគុំរូ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ៕