ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៅល្ងាចថ្ងៃស្អែក បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបើកផ្លូវ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នឹងប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ នៅល្ងាចថ្ងៃស្អែក បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបើកផ្លូវឱ្យប្រកាសជាសាធារណៈ ដោយយោងលើគ្មានបណ្តឹងតវ៉ារយៈពេល៧២ម៉ោង ក្រោយថ្ងៃប្រកាសលទ្ធផលបណ្តោះអាសន្ន។

លិខិតរបស់ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ផ្ញើជូនគ.ជ.ប នៅថ្ងៃទី១៤ ខែសីហានេះ បានបញ្ជាក់ថា ក្នុងរយៈពេល៧២ម៉ោង បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន កាលពីថ្ងៃទី១១ ខែសីហាឆ្នាំ២០១៨របស់គ.ជ.ប គឺក្រុមប្រឹក្សាធម្មនុញ្ញពុំបានទទួលពាក្យបណ្តឹងតវ៉ាដោយផ្ទាល់ជាលាយលក្ខណ៍អក្សររបស់គណបក្សនយោបាយ ដែលបានឈរឈ្មោះបោះឆ្នោតនោះទេ។ អាស្រ័យហេតុនេះ គ.ជ.ប អាចចាត់ចែងអនុវត្តបន្តតាមភារកិច្ចដែលបានកំណត់ក្នុងច្បាប់។

ក្រោយទទួលបានលិខិតនេះពីស្ថាប័នកំពូលរបស់ប្រទេសកម្ពុជានេះ គ.ជ.ប បានប្រកាសថា នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ជាសាធារណៈតាមទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា ព្រមទាំងវិទ្យុ និងទូរទ្សសន៍អនឡាញរបស់គ.ជ.ប ចាប់ពីម៉ោង១៩:៣០ នាទី ថ្ងៃទី១៥ ខែសីហាស្អែកនេះ។ គ.ជ.ប បានបញ្ជាក់ថា ការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត គឺជាការប្រកាសឈ្មោះបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ និងការកំណត់បែងចែកអាសនៈ សម្រាប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតាមមណ្ឌលនីមួយៗ។

យោងតាមលទ្ធផលបណ្តោះអាសន្នរបស់គ.ជ.ប បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសន្លឹកឆ្នោតគាំទ្ររហូតដល់៤.៨៨៩.១១៣សំឡេង ក្នុងចំណោមគណបក្សចំនួន២០ចូលរួមប្រកួតដណ្តើមអាសនៈរដ្ឋសភាទាំង១២៥ បន្ទាប់ចំនួនអ្នកចេញទៅបោះឆ្នោតកើនដល់ចំនួន៦.៩៥៦.៩០០នាក់ ស្មើនឹង៨៣,០២ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

គណបក្សដែលមានសន្លឹកឆ្នោតគាំទ្រខ្ពស់បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា គឺគណបក្ស ហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយទទួលបានសន្លឹកឆ្នោតសរុប៣៧៤.៥១០សំឡេង ខណៈគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានការគាំទ្រ៣០៩.៣៦៤សំឡេង និងគណបក្សឆន្ទៈខ្មែរ ទទួលបានការគាំទ្រចំនួន២១២.៨៦៩សំឡេង។

ចំណែកគណបក្សផ្សេងទៀត ដែលចូលរួមប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោត តាមរយៈការបោះឆ្នោតសកល សម្រាប់អាណត្តិពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣នេះ គឺទទួលបានគាំទ្រពីប្រជាពលរដ្ឋខ្មែរតែខ្ទង់ម៉ឺនសំឡេងប៉ុណ្ណោះ៕