ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វៀតណាមសកម្មនៅក្នុងវេទិកាអង្គការសហប្រជាជាតិ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ — ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy បានសរសេរអំពីការចូលរួមចំណែករបស់វៀតណាម ចំពោះវេទិកាអង្គការសហប្រជាជាតិ ក្នុងឱកាសនៃសន្និសីទការទូតលើកទី ៣០ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែសីហា។
ឯកអគ្គរដ្ឋទូតរូបនេះបានសង្កត់ធ្ងន់ថា នៅក្នុងការអនុវត្តសេចក្តីសម្រេចនៃសមាជលើកទី ១២ នៃបក្សកុម្មុយនិស្តវៀតណាម ប្រទេសវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការ និងសកម្មភាពនៅគ្រប់វិស័យរបស់ អ.ស.ប​ ។

ជាលទ្ធផល ប្រទេសនេះត្រូវបានជ្រើសរើសធ្វើជាភ្នាក់ងារអង្គការសហប្រជាជាតិដែលទទួលបានសម្លេងគាំទ្រខ្ពស់ ដូចជាក្រុមប្រឹក្សាសន្តិសុខ (នីតិកាលឆ្នាំ ២០០៨-២០០៩) ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (នីតិកាលឆ្នាំ ១៩៩៨-២០០០ និងឆ្នាំ ២០១៦-២០១៨) ក្រុមប្រឹក្សាសិទ្ធិមនុស្ស (នីតិកាលឆ្នាំ ២០១៤-២០១៦) គណៈកម្មាធិការប្រតិបត្តិរបស់អង្គការយូណេស្កូ (នីតិកាលឆ្នាំ ២០១៥-២០១៩) និងគណៈកម្មការច្បាប់អន្តរជាតិ (នីតិកាលឆ្នាំ ២០១៧-២០២១)។

ឯកអគ្គរដ្ឋទូតរូបនេះបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញ អ.ស.ប ក្នុងការដោះស្រាយជំលោះអន្តរជាតិ និងជម្លោះដោយមធ្យោបាយសន្តិភាព ដោយឈរលើមូលដ្ឋានឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដី នៃបណ្តាប្រទេសដែលគ្មានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់បណ្តាប្រទេសទាំងនោះ។ វៀតណាមបានរួមចំណែកជាច្រើនក្នុងកិច្ចខិតខំប្រឹងប្រែងសម្រាប់ការរំសាយសព្វាវុធ និងការមិនរីកសាយអាវុធ ជាពិសេសអាវុធនុយក្លេអ៊ែរ និងអាវុធធុនធ្ងន់។

លោកបាននិយាយថា សមិទ្ធិផលទាំងនោះ គឺស្របទៅតាមគោលនយោបាយខាងក្រៅនៃការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការងារក្រៅប្រព័ន្ធពហុភាគី និងការចូលរួមយ៉ាងសកម្មក្នុងការកសាង និងបង្កើតស្ថាប័នពហុភាគី ដូចដែលបានកំណត់នៅក្នុងសេចក្តីសម្រេចនៃសមាជបក្សលើកទី ១២ ៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី )