ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ៊ីរ៉ង់បដិសេធថា គ្មានផែនការធ្វើកិច្ចចរចាជាមួយ ស.រ.អា ទេ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ — ទូរទស្សន៍រដ្ឋរាយការណ៍ពីថ្ងៃអាទិត្យនេះថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ូហាម៉ាដ ចាវ៉ាដ-​ ហ្សារីហ្វ ( Mohammad Javad Zavif ) បាននិយាយពីថ្ងៃអាទិត្យថា អ៊ីរ៉ង់គ្មានផែនការណាមួយ ដើម្បីធ្វើកិច្ចចរចាជាមួយ ស.រ.អា នៅខាងក្រៅកិច្ចប្រជុំមហាសន្និបាត អ.ស.ប នាពេលខាងមុខទេ ។
លោក ហ្សារីហ្វ បានប្រាប់ពួកអ្នកយកព័ត៌មានបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump ) បានប្រកាសឱ្យដឹងនូវបំណងប្រាថ្នារបស់លោក ដើម្បីធ្វើកិច្ចចរចាជាមួយពួកមន្ត្រីអ៊ីរ៉ង់លើបញ្ហាដែលមានស្រាប់នេះ ។

លោកបាននិយាយថា ពួកអាមេរិកមិនស្មោះត្រង់ទេ ។ កាលពីថ្ងៃសុក្រ លោក Majid Takht Ravanchi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់សម្រាប់កិច្ចការអឺរ៉ុប និងអាមេរិកក៏បាននិយាយផងដែរថា លោកមិនបានមើលឃើញហេតុផលណាមួយសម្រាប់ការធ្វើកិច្ចចរចារវាងលោក ត្រាំ និងលោក រូហានី នៅឯកិច្ចប្រជុំមហាសន្និបាត អ.ស.ប លើកទី៧៣ក្នុងខែខាងមុខនេះទេ។

លោក Ravanchi បានកត់សម្គាល់ថា តើលោកអាចសង្ឃឹមទុកនូវអ្វីចេញពីមនុស្សម្នាក់ដែលដកខ្លួនចេញពីការចូលរួមជាអន្តរជាតិ ហើយឥឡូវនិយាយថា ចូរយើងធ្វើកិច្ចចរចាគ្នានោះ ។

លោក ត្រាំ បានដកក្រុងវ៉ាស៊ីងតោនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលគេស្គាល់ថា ជាផែនការសកម្មភាពដ៏ទូលំទូលាយរួមកាលពីថ្ងៃទី៨ ខែឧសភា ព្រមទាំងបានទាមទារឱ្យធ្វើកិច្ចចរចាឡើងវិញ កតិកាសញ្ញានេះ ។

ចាប់តាំងពីពេលនោះមករដ្ឋការលោក ត្រាំ បានដាក់ទណ្ឌកម្មមួយចំនួនលើប្រទេសអ៊ីរ៉ង់ដោយឡែកបានប្តេជ្ញាដាក់ទណ្ឌកម្មច្រើនទៀត៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )