ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ហ្សកដានីប្រកាសបញ្ចប់ការវាយឆ្មក់ប្រឆាំងពួកភេរវជននៅ Al Salt

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ — កាលពីថ្ងៃអាទិត្យប្រទេសហ្សកដានីបានប្រកាសថា បានបញ្ចប់ការវាយឆ្មក់ធ្វើឡើងដោយកងកម្លាំងសន្តិសុខទៅលើក្រុមភេរវជនមួយនៅក្នុងទីក្រុង Al Salt នៅភាគពាយ័ព្យទីក្រុងអាម៉ង់ ។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការប្រព័ន្ធផ្សព្វផ្សាយលោកស្រី Jumana Ghunaimat បាននិយាយថា កងកម្លាំងសន្តិសុខដែលមានជាប់ពាក់ព័ន្ធបានបញ្ចប់ប្រតិបត្តិការនេះ ដែលជាលទ្ធផលចាប់ខ្លួនពួកភេរវជនបាន៥នាក់ នឹងសម្លាប់បាន៣នាក់ទៀត ។ ភ្នាក់ងារសន្តិសុខ៤នាក់ ក៏បានស្លាប់ផងដែរក្នុងអំឡុងប្រតិបត្តិការនោះ ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ ។

លោកស្រីបាននិយាយនៅក្នុងសេក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខបានបន្តធ្វើការបោសសំអាតតំបន់នោះ បន្ទាប់ពីបានកម្ទេចផ្នែកដែលនៅសេសសល់នៃអាគារមួយ ដែលពួកភេរវជនបានបំផ្ទុះកាលពីថ្ងៃសៅរ៍ ។

លោកស្រីរដ្ឋមន្ត្រីបាននិយាយថា ពួកភេរវជនបានបំផ្ទុះអាគារមួយ ដែលពួកគេកំពុងលាក់ខ្លួននៅពេលដែលកងកម្លាំងសន្តិសុខបានវាយប្រហារអាគានោះ ។

លោកស្រីបាននិយាយបន្ថែមថា កងកម្លាំងសន្តិសុខបានស្ថិតនៅក្នុងការប្រុងប្រយ័ត្ន ដើម្បីការពារសុវត្ថិភាពពលរដ្ឋ និងពួកអ្នកស្រុករបស់ប្រទេសដោយផ្តល់ការរំលែកទុក្ខដល់គ្រួសារភ្នាក់ងារសន្តិសុខដែលស្លាប់ ។
នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសៅរ៍ ស្តេច អាប់ឌុលឡា II នៃប្រទេសហ្សកដានី មានបន្ទូលថា ប្រទេសនេះនឹងបន្តសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអំពើភេរវកម្ម រហូតដល់កំចាត់ឱ្យអស់ក្រុមរ៉ាឌីកាល់ ទាំងអស់នេះដោយមានបន្ទូលបន្ថែមថា ការវាយប្រហារដ៏កំសាកទាំងនេះនឹងគ្រាន់តែបង្កើនការការតាំងចិត្ត ព្រមទាំងកម្លាំងរបស់ប្រជាជនហ្សកដានីប៉ុណ្ណោះ ។

គ្មានក្រុមណាមួយបានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែពួកអ្នកជំនាញការខ្លះបាននិយាយថា វានឹងបង្ហាញនូវសញ្ញាសម្គាល់នៃក្រុមរដ្ឋអ៊ីស្លាម ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )