ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋាភិបាលប៉ាឡេស្ទីនអំពាវនាវឱ្យមានការកៀបសង្កត់ជាអន្តរជាតិលើអ៊ីស្រាអែល

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ — រដ្ឋាភិបាលប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យបានអំពាវនាវឱ្យមានការកៀបសង្កត់ជាអន្តរជាតិ លើ អ៊ីស្រាអែលឱ្យលុបចោលការហ៊ុំព័ទ្ធ ដែលខ្លួនបានដាក់លើហ្គាហ្សាស្ទ្រីបអស់ពេលស្ទើរតែមួយទសវត្សមកហើយនោះ ។
លោក Yousef Al-Mahmoud អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានមួយថា ពួកអាជ្ញាធរក៏បានទាមទារផងដែរ ដើម្បីឱ្យបានមកវិញនូវការឯកភាពជាតិតាមរយៈការបំពេញនូវជំហាននានា នៃកិច្ចព្រមព្រៀងដែលប្រទេសអេហ្ស៊ីប ធ្វើជាអាជ្ញាកណ្តាល ។

លោក Mahmoud បាននិយាយថា មធ្យោបាយតែមួយចេញពីវិបត្តិផ្ទៃក្នុងបច្ចុប្បន្ន គឺការបញ្ចប់ការ បែកបាក់គ្នា ដោយលោកព្រលយពាក្យអំពីការទទួលខុសត្រូវរបស់ចលនាហាម៉ាស់ ចំពោះការបដិសេធការធ្វើឱ្យសម្រេចបានការផ្សះផ្សាគ្នានោះ ។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីសហគមន៍ពាណិជ្ជករប៉ាឡេស្ទីន មួយបាន ប្រកាសថា រោងចក្រនៅហ្គាហ្សាជាង៩៥ភាគរយ បានបញ្ឈប់ការផលិតដោយសារតែការរឹតបន្តឹងមួយរបស់អ៊ីស្រាអែល ដែលបានដាក់ជាងមួយខែមកហើយ លើការចូលនៃសម្ភារវត្ថុធាតុដើមនៅក្នុងបរិព័ន្ធភូមិតាមឆ្នេរសមុទ្រនេះ ។

សហគមន៍នេះបាននិយាយថា មនុស្សជិត ៧៥.០០០នាក់ បានបាត់បង់ការងាររបស់ពួកគេ ដោយសារតែការរឹតបន្តឹងនេះ ដោយព្រមានថា សេដ្ឋកិច្ចនៅហ្គាហ្សាស្ទ្រីប កំពុងឆ្លងកាត់នូវដំណាក់កាលយ៉ាងធ្ងន់ធ្ងរមួយ ហើយអាចដួលរលំ ។

អ៊ីស្រាអែលបាននិយាយថា ការរឹតបន្តឹងថ្មីនេះ ធ្វើឡើងក្នុងការឆ្លើតបទៅនឹងការបាញ់បាល់ឡុង និងខ្លែងដែលឆេះចេញពីហ្គាហ្សា សំដៅទៅលើតំបន់នានានៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូង ជា ផ្នែកនៃការធ្វើបាតុកម្មដ៏ធំ « Great March of Return » ប្រឆាំងនឹងអ៊ីស្រាអែលរបស់ប៉ាឡេស្ទីន ដែលកំពុងបន្តទៅចាប់តាំងពីថ្ងៃទី៣០ ខែមិនាមក ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)