ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រជាពលរដ្ឋរងគ្រោះដោយសារ ទឹក ជំនន់ចំនួន៤៨៦គ្រួសារ នៅស្រុកកោះសូទិន ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោកស្រី ផន វាសនា រូបថត លោក ចន ណារិទ្ធ៖

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋត្រួវមានការប្រុងប្រយ័ត្នទាំងអស់គ្នាចំពោះ គ្រោះទឹកជំនន់នេះ ជាពិសេសបញ្ហាសុខភាព ត្រូវទទួលទានស្អាតជានិច្ច ទាំងចំណីអាហារ ទាំងទឹក ត្រូវទទួលទានទឹកស្អាតឬទឹកដែលដាំពុះ ។

ក្នុងឱកាសចុះជួបសំណេះសំណាលនិងចែកអំណោយជូនដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ៤៨៦គ្រួសារ នៅភូមិទី១០ ភូមិទី១១ និងភូមិទី៦ ឃុំកោះសូទិន ស្រុកកោះសូទិន នៅព្រឹកថ្ងៃទី១៣ ខែសីហានេះ ឯកឧត្តម ក៏បានថ្លែងអណរគុណសល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានជួយប្រជាពលរដ្ឋដែលរងគ្រោះទាន់ពេលវេលា ជាពិសេសមន្រ្តីសុខាភិបាល ដែលបានចុះជួយពិនិត្យទាន់ពេលវេលា សំរាប់បងប្អូនដែលរង គ្រោះ។

ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពេលដែលមានបញ្ហាសុខភាព ត្រូវប្រញាប់រួសរាន់ទៅជួបជាមួយក្រុមគ្រូពេទ្យ ពិសេសបញ្ហាសត្វអសិរិ្ពសចឹកឬខាំ។

តាមការបញ្ជាក់របស់ឯកឧត្តម គួច ចំរើន ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន៤៨៦គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មីមួយកេស ឃីតមួយ កញ្ចប់ មានមុង ភួយ សារ៉ុង និងត្រីខមួយយួរ។

តាមរបាយការណ៍របស់លោក ហេង សុផល អភិបាលស្រុកកោះសូទិន បានឲ្យដឹងថា គ្រោះទឹកជំនន់ទន្លេមេគង្គ បានបង្កឲ្យប្រជាពលរដ្ឋរងគ្រោះចំនួន១០៩២៣គ្រួសារ លិចភូមិ ចំនួន៨៥ភូមិ ខូចខាតដំណាំស្រូវចំនួនជាង៤១ហិកតា ពោត១០៥ហិកតា និងដំណាំផ្សេងៗ ចំនួន១៧៨ហិកតា ផ្ទះត្រូវរុះរើចំនួន១១ លិចវត្តអារ៉ាមចំនួន១២ សាលារៀន១៩កន្លែង មណ្ឌលសុខភាព៣កន្លែង ផ្លូវគ្រួសក្រហមជាង៨០០០ម៉ែត្រ ផ្លូវបេតុងជាង១ម៉ឺន៤ពាន់ម៉ែត្រ ផ្លូវដីជិត៤ម៉ឺនម៉ែត្រ បាក់ច្រាំងទន្លេ២១៧ម៉ែត្រ លិចស្ពាន១៣កន្លែង ជម្លៀសសត្វពាហនៈជាង ១៧០០ក្បាលទៅទីទួលសុវត្ថិភាពនិងជួយប្រជាពលរដ្ឋដែលរងគ្រោះបានទាន់ពេលវេលា។