ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

តំណាងរាស្រ្ដមណ្ឌលកំពង់ចាម ចុះចែកអំណោយ ជូនដល់ប្រជាពលរដ្ឋចំនួន៧៥០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកកោះសូទិន

AKP កំពង់ចាម ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ –តំណាងរាស្រ្ដមណ្ឌលកំពង់ចាម បានអញ្ជើញចុះចែកអំណោយ ជូនដល់ប្រជាពលរដ្ឋចំនួន ៧៥០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកកោះសូទិន ខេត្ដកំពង់ចាម ស្ថិតក្នុងភូមិ ចំនួន៥ នៃ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលទទួលរងគ្រោះដោយ ទឹកជំនន់បង្កឱ្យលិចផ្ទះសម្បែង ផលដំណាំ ធ្វើឱ្យជួបការខ្វះខាតស្បៀងអាហារ សម្រាប់ផ្គត់ផ្គង់ ជីវភាពប្រចាំថ្ងៃ។ ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៨ ក្នុងបរិវេណ វិទ្យាល័យជីហែរ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឯកឧកឧត្តម ឧបនាយក រដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធាន ក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម និង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ មន្រ្ដីរាជការ អាជ្ញាធរខេត្ដ បានអញ្ជើញចុះចែកអំណោយជាគ្រឿឧបភោគ បរិភោគ រួមទាំងថ្នាំពេទ្យ យកទៅចែកជូនផ្ទាល់ដៃ ដល់បងប្អូនប្រជាពលរដ្ឋដែល រងគ្រោះ ពិតប្រាកដ។

បើតាមការបញ្ជាក់ឱ្យដឹងរបស់លោក ផេន សុផល អភិបាលនៃគណៈអភិបាលស្រុក កោះសូទិន ខេត្តកំពង់ចាម បានធ្វើរបាយការណ៍ជម្រាបជូនពីផលប៉ះពាល់ដោយគ្រោះទឹក ជំនន់ក្នុងតបន់នេះ ដែលបានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៧.៨៥៤គ្រួសារ លិចភូមិ ចំនួន ៧១ ក្នុងចំណោម ៨៥ ភូមិ ខូចខាតសំណាប ស្រូវ ៤១.៥ ហិកតា ពោត១០៥ ហិចតា និងដំណាំផ្សេងៗ ជាង ១៧៥ ហិកតា ។ ទន្ទឹមនេះ ខូចខាតផ្ទះ ១១ខ្នង លិចវត្ត ចំនួន ១១ សាលារៀន ១៩ កន្លែង មណ្ឌសុខភាព ៣ កន្លែង ផ្លូវក្រួសក្រហម លិចអស់ជាង ៥ ពាន់ម៉ែត្រ ផ្លូវបេតុង លិចប្រវែង ១៧. ៣០៦ ម៉ែត្រ ផ្លូវដីប្រវែង ជាង ៣០.០០០ម៉ែត្រ ផងដែរ។ បាក់ច្រាំងទន្លេ ២១៧ ម៉ែត្រ និងស្ពានលិច ១៣ កន្លែង ជម្លៀសសត្វពាហនៈ ចំនួន ១.៧៥៥ក្បាល ទៅកាន់ទីទួលសុវត្ថិភាព ។ លោកបានបន្ដថា កាលពីដើមខែសីហានេះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត កំពង់ចាម បានចែកអង្ករ សម្ភារ គ្រឿងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋ ចំនួន ៤ លើក ស្មើនឹង ១.១៧៧គ្រួសារ ក្នុងឃុំពង្រ កោះសូទិន ព្រែកតានង់ និងមហាលាភ ។

កឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួនចំពោះបង ប្អូនប្រជាពលរដ្ឋទាំងអស់ ទូទាំងស្រុក កោះសូទិន ជាពិសេសអ្នកដែលកំពុងជួបប្រទះ នូវគ្រោះទឹកជំនន់ ដែលជាហេតុធ្វើឱ្យបងប្អូន ជួបការលំបាកខ្វះខាតខាងផ្នែកជីវភាព រស់នៅប្រចាំថ្ងៃ។ ដោយពិនិត្យឃើញពី កង្វះខាតនេះ ទើបសម្តេចតេជោ ហ៊ុន សែន បានណែនាំ ដល់ថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ ដែលជា អ្នកបម្រើរាស្រ្ត ត្រូវរួមគ្នា ចុះទៅជួយដល់បង ប្អូន ដែលជួបគ្រោះទឹកជំនន់ នៅគ្រប់ទីកន្លែង តាមរយៈការផ្តល់ជាស្បៀងអាហារ សម្ភារ ប្រើប្រាស់ និងថ្នាំពេទ្យ ទុកប្រើប្រាស់ ក៏ដូចជាងាយស្រួលដល់ការខ្វះខាត បានមួយរយៈ ទំរាំទឹកជំនន់ស្រកទៅវិញឯកឧត្តមបានណែនាំឱ្យបងប្អូនទាំងអស់ត្រូវមានការប្រុងប្រយត្នខ្ពស់ សុវត្ថិភាពរបស់ កូន ចៅ ព្រោះទឹកជំនន់បានលិចផ្ទះសម្បែង អស់ហើយ ពិសេសទៀតត្រូវរក្សាសុខភាពអនាម័យ ឱ្យបានល្អ ដោយដាំទឹកឱ្យពុះ ទើបយកមកពិសា ចៀសវាងការកើតជំងឺផ្សេងៗ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានជម្រាបជូនថា ឯកត្ដម ទើបទទួល បានដំណឹងទាក់ទង ក្រុមហ៊ុននៃប្រទេសកូរ៉េ ខាងត្បូង ដែលជាអ្នកសាងសង់ទំនប់ វារីអគ្គិ សនីនៅប្រទេសឡាវ ហើយបានបាក់ធ្វើឱ្យបាត់បង់អាយុជីវិតមនុស្ស លិចផ្ទះសម្បែង ជាច្រើន របស់ប្រជាជនឡាវ ក្រុមហ៊ុនគេកំពុងពិនិត្យសំណង សងការខូចខាតទាំងនោះ។ ជាមួយគ្នា នេះ ឯកឧត្ដម ក៏បានធ្វើការពិភាក្សាគ្នាជាមួយ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តី ក្រសួង ធនធានទឹក និងឧតុនិយម ដើម្បីធ្វើការសិក្សាយ៉ាងណាឱ្យក្រុមហ៊ុនទាំងនោះ ជួយសងការ ខួចខាតសម្រាប់ប្រជាជនកម្ពុជា ដែលមានខេត្តជាប់នោះទទួលបានសំណងផងដែរ។

ឯកឧត្តមក៏បានរម្លឹកអំពីការប្ដេជ្ញាចិត្ដរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការរក្សា សន្ដិភាព ការអភិវឌ្ឍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើន ហើយជាមួយនេះការបញ្ចុះតម្លៃ អគ្គិសនីបន្តទៀត ក្នុងឆ្នាំ២០១៩ នឹងនៅឆ្នាំ២០២០ អគ្គិសនីរដ្ឋ និងតភ្ជាប់ដល់គ្រប់ភូមិ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ រងគ្រោះទឹកជំនន់ ទាំង ៧៥០ គ្រួសារ មកពីភូមិចំនួន ៥ ក្នុង ឃុំ ពាមប្រធ្នោះ ស្រុកកោះសូទិន មកទទួលអំណោយពី ឯកត្ដម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នាឱកាសនេះ គឺក្នុង ១គ្រួសារ ទទួលបាន អង្ករ៣០ គីឡូក្រាម ត្រី ខ ១០ កំប៉ុង មី ១កេស មុង ១ ភួយ ១ រួមទាំងថ្នាំពេទ្យ ១ កញ្ចប់ ។

ដោយឡែកនៅព្រឹកថ្ងៃដដែលនេះដែរ ឯកត្ដម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមជាមួយថ្នាក់ ដឹកនាំក្រសួងព័ត៌មាន ក៏បានអញ្ជើញចុះជួបសាកសួរសុខទុក្ខ និងផ្តល់ថវិកាដល់លោក សុំ សៀន អាយុ ៧២ ឆ្នាំជាអតីត គ្រូបង្រៀននៅ វិទ្យាជីហែរ កំពុងសម្រាកព្យាបាលជំងឺចាស់ជរា ក្នុងផ្ទះ ស្ថិតនៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។នៅក្នុង ឱកាសនោះ ឯត្ដម ខៀវ កាញារីទ្ធ បានមានប្រសាសន៍លើកទឹកចិត្តដល់លោក សុំ សៀន ត្រូវខំប្រឹងពិសាថ្នាំ ឱ្យបានទៀងពេលវេលា និងពិសាអាហារឱ្យបានគ្រប់គ្រាន់ដើម្បីមាន កម្លាំង ហើយក្រុមគ្រួសារ កូនចៅគឺជាអ្នកដែលសំខាន់បំផុត ក្នុងការមើលថែ និងផ្តល់ កម្លាំងចិត្តដល់អ្នកជំងឺ ដើម្បីបានឆាប់ជាសះស្បើយឡើងវិញ។ លោក សុំ សៀន បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដម ខៀវ កាញារីទ្ធ ដែលជានិច្ច កាល តែងតែគិតគួរពីសុខទុក្ខ និងការលំបាករបស់រូបលោកជាប់ជាប្រចាំ ហើយក៏បានផ្តល់ជា ស្បៀងអាហារ និងថវិកាថែមទៀតផង៕

ដោយ ខឹម សុវណ្ណារ៉ា