ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលខេត្តព្រះវិហារ ធ្វើពិធីបួងសួងសុំសេចក្ដីសុខ នៅប្រាសាទកោះកែរ

AKP ព្រះវិហារ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ –នៅប្រាសាទកោះកែរ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន  ចាន់ដា អភិបាលខេត្តព្រះវិហារ បានធ្វើពិធីបួងសួងសុំសេចក្តីសុខសប្បាយនៅ(ផ្នូរស្តេចដំរី ស) ស្ថិតនៅបរិវេណប្រាសាទកោះកែរ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ កាលពីថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច​ សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ  ព្រមទាំងអស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណជាង ៣៧៨នាក់

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ពិធីបួងសួងនេះប្រារព្ធឡើងដើម្បីសុំសេចក្តីសុខជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការក្នុងខេត្តព្រះវិហារ និងភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកកម្សាន្តនៅទឹកដីខេត្តព្រះវិហារ ។

ប្រាសាទកោះកែរបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីតរាជធានីកោះកែរ មានទំហំផៃ្ទដី១៦គីឡូម៉ែត្រ គុណ ១៦គីឡូម៉ែត្រ ព្រមទាំងមានប្រាសាទចំនួន៩៨ នៅជុំវិញ ។ ប្រាសាទនេះមាន៧ជាន់ មានកម្ពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសម្រាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។

ឯកឧត្តមបានថ្លែងទៀតថា យើង​មាន​ជំនឿ​ថា ​បារមី​ស្តេចដំរីស ​ស័ក្ដិសិទ្ធិ​ជួយ​ថែរក្សា​ប្រទេស​ជាតិ​ឱ្យ​បាន​សេចក្ដីសុខ សេចក្ដី​ចម្រើន​ជា​រៀងរហូត​ទាំងអស់​គ្នា ​ទាល់​តែ​យើង​មាន​សុខ​បាន​យើង​អាច​ធ្វើ​បែប​នេះ​បាន បើ​សិន​យើងមាន​សង្គ្រាម​ផ្សេងៗ​ដូច​នៅ​ប្រទេស​មជ្ឈិមបូព៌ា​ តើ​យើង​ធ្វើ​យ៉ាង​ម៉េច​កើត​? អីចឹង​ហើយ វា​មាន​ការ​ទាក់ទង​ច្រើន​ណាស់​ជាមួយ​សេចក្ដីសុខ​របស់​ជាតិ​ ជាមួយ​សេចក្ដី​សម្បូរ​សប្បាយ​របស់​ប្រជាជន ទើប​យើង​អាច​រួម​គ្នា​ធ្វើ​ពិធី​បួងសួង​រួម​គ្នា​ដោយ​គ្មាន​ការ​ភិតភ័យ​

ឯកឧត្តមបន្តថា ក្រោមស្មារតីសុខដុម សប្បាយរីយរាយ សុភមង្គល និងដើម្បីផ្ដល់ឱកាសឱ្យយុវជនខ្មែរជំនាន់ក្រោយ បានឈ្វេងយល់នូវភាពរុងរឿង នៃកម្ពុជា តាំងពីសម័យមហាអង្គរ ម្យ៉ាងវិញទៀត ដើម្បីលើកតម្កើងនូវអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ជំនឿ សាសនា និងប្រពៃណីដ៏ផូរផង រួមនិងសម្បត្តិបេតិកភ័ណ្ឌពិភពលោក ទាំងរូបីយ និងអរូបីយរបស់យើង ឱ្យភ្ញៀវទេសចរជាតិ និង អន្តរជាតិ បានឈ្វេងយល់ និងបន្តពង្រីកនូវកិត្យានុភាពនេះ នៅលើឆាកអន្តរជាតិទៀតផង មួយនឹងការងារអភិវឌ្ឍន៍មានការរីកចម្រើនលើគ្រប់វិស័យនាបច្ចុប្បន្ន

ដោយ  ទិត ស្រ៊