ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោស្វាគមន៍កីឡាករបាលទាត់ជប៉ុន លោក Honda Keisuke ដែលបានស្ម័គ្រចិត្ត ជួយបង្វឹកកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៣ ​ខែសីហា ​ឆ្នាំ២០១៨ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែនូវការស្វាគមន៍ និងអបអរសាទរចំពោះកីឡាករបាល់ទាត់ឆ្នើមជប៉ុន លោក Honda Keisuke   ដែបានស្ម័គ្រចិត្តមកជួយបង្វឹកកីឡាបាល់ទាត់ ជម្រើសជាតិកម្ពុជា (FCC)

នៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុកនៅថ្ងៃអាទិត្យ ១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ថិស័ក ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ សម្ដេចតេជោ​​បានសរសេរថា កម្ពុជារីករាយ ស្វាគមន៍ និងអបអរសាទរចំពោះកីឡាករបាល់ទាត់ឆ្នើមជប៉ុន លោក Honda Keisuke ដែលបានស្ម័គ្រចិត្តមកជួយបង្វឹកកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា (FCC) ដោយ មិនគិតថ្លៃក្នុងរយៈពេល២ឆ្នាំ។ នេះគឺជាការយកចិត្តទុកដាក់ដ៏ឧត្តុង្គឧត្តមបំផុតរបស់លោក Honda Keisuke ក្នុងការលើកស្ទួយវិស័យកីឡាកម្ពុជាឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះដែរ សូមបងប្អូនជនរួមជាតិ និងក្មួយៗរង់ចាំទស្សនាការប្រកួតកីឡាបាល់ទាត់រវាងកម្ពុជានិ ម៉ាឡេស៊ី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។ សូមអរគុណ លោក Honda Keisuke និងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលតែងតែយកចិត្តទុកដាក់ជួយដល់កម្ពុជាគ្រប់វិស័យ។

គួរបញ្ជាក់ដែរថា លោក HONDA ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ជាផ្លូវការនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។ អតីតកីឡាករវ័យ៣២ឆ្នាំរូបនេះ ធ្លាប់ លេងឱ្យក្លឹបអ៊ីតាលី​ AC Milan មុនផ្លាស់ទៅលេងនៅម៉ិចស៊ិក​ ក្នុងក្លឹប​ Pachuca និងចុង     ​ក្រោ​​យលេងនៅអូស្ត្រាលី​ ក្នុងក្លឹប​ Melbourne Victory ។ លោកទើបតែបានប្រកាសលាឈប់ ពី​ក្រុមជម្រើសជាតិជប៉ុន​ ក្រោយបញ្ចប់​ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី​៕

ដោយ ជឹម ណារី