ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលខេត្ត​ព្រះវិហារ អញ្ជើញចូលរួមបិទវគ្គបំប៉នសិស្សប្រឡងសញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិ និង​ប្រគល់កុំព្យូទ័រយួរដៃចំនួន៤០គ្រឿង

AKP ព្រះវិហារ ថ្ងៃទី១១​ ខែសីហា​ ឆ្នាំ២០១៨​– ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​ព្រះវិហារ បានអញ្ជើញចូលរួមក្នុង ពិធីបិទវគ្គបំប៉ន សិស្សប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៧-២០១៨​  និងប្រគល់កុំព្យូទ័រ យួរដៃ(Laptop)ចំនួន៤០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជូនដល់សមាជិក លោកគ្រូ អ្នកគ្រូនៃគណៈកម្មការវាយតម្លៃ អង្គភាពសេវា សាធារណៈថ្នាក់ខេត្ត វិស័យអប់រំ និងសុខាភិបាលខេត្ត។ ពិធីនេះ បានធ្វើឡើង កាលពី ថ្ងៃសុក្រ ១៤រោច ខែទុតិយា សាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំ សាលាខេត្ត ដោយ​មានចូលរួមពី ប្រធាន អនុប្រធាន មន្ទីរ ស្ថាបនជំវិញខេត្ត លោកអភិបាល ក្រុង ស្រុក លោកគ្រូ អ្នក គ្រូមកពីវិទ្យាល័យទាំង១៦​ និងសិស្សានុសិស្ស។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា សិស្សប្រឡងបាក់ឌុបឆ្នាំ២០១៨នេះ មានចំនួន១.៣៤៥នាក់​ តិចជាងឆ្នាំ២០១៧ ដោយមានចំនួន១.៤៨០នាក់ ។ ទន្ទឹមនេះ ខេត្ត ​បានរៀបចំមណ្ឌលប្រឡងចំនួន៣សាលា​ និងមានការរឹតបន្ដឹងវិន័យក្នុងពេលប្រឡង​ និង ការងារសន្តិសុខ​ សណ្តាប់ធ្នាប់យ៉ាងតឹងរ៉ឹងបំផុត។ ឯកឧត្តមបានបញ្ជាក់ថា សហភាពសហ ព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ នឹងជួយសម្រួលមើលការខុសត្រូវការផ្ញើកង់ម៉ូតូ ដល់ បេក្ខជន ប្រឡងដោយមិនគិតថ្លៃ​ និងរៀបចំផ្ទះសំណាក់មួយកន្លែងសម្រាប់ការស្នាក់នៅរបស់ បេក្ខជន មកពីស្រុកឆ្ងាយដោយមិនគិតថ្លៃផងដែរ ។

ឯកឧត្តមអភិបាលខេត្តបន្តថា អាជ្ញាធរខេត្ដនឹងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សដែល ប្រឡង ជាប់ទទួលបាននិន្ទេស​A ហើយក៏បានធ្វើការផ្តាំផ្ញើដល់សិស្សទាំង១.៣៤៥នាក់ឱ្យបន្តយកចិត្ត ទុកដាក់រៀនសូត្របន្ថែមទៀតពីព្រោះនៅសល់ពេលវេលាតែ៩ថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃប្រឡងនឹងចូល​មកដល់ហើយ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បាននាំយកកុំព្យូទ័រយួរដៃចំនួន៤០គ្រឿង មកចែកជូនដល់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាថ្នាក់ខេត្ត ស្រុក ក្រុង ស្ថាប័នគោល ដៅនៃការវាយតម្លៃក្នុងវិស័យអប់រំ(មាន១៦វិទ្យាល័យ)ស្ថាប័នគោលដៅ នៃការវាយតម្លៃ ក្នុងវិស័យសុខាភិបាល(CPA1 CPA2 CPA3) រួមនិងឧបត្ថម្ភថវិកាមួយចំនួន ជូនដល់នាយក នាយករង លោកគ្រូ អ្នកគ្រូ ប្រធាន អនុប្រធាន ការិយាល័យអប់រំក្រុង ស្រុក និងមន្ត្រី​ការិយាល័យផងដែរ ៕

ដោយ ទិត  ស្រ៊