ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កាកបាទក្រហមកម្ពុជា ផ្ដល់អំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ជាង ២.៦០០គ្រួសារនៅខេត្តត្បូងឃ្មុំ

AKP ត្បូងឃ្មុំ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨– សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានធ្វើ​ដំណើរ​តាម​អូប័រ អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​២.៦៧១ គ្រួសារ ដែល​រស់នៅ ស្រុក​ក្រូចឆ្មា ខេត្ដ​ត្បូងឃ្មុំ​ ។ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​ទួល​សុវត្ថិភាព​ចំការ​គ ភូមិ​ទី​៥ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ ខេត្ដ​ត្បូងឃ្មុំ​ កាលពី​ព្រឹក​ថ្ងៃទី​១​១ ខែសីហា ឆ្នាំ ២០១៨ ។

​ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទក្រហម​កម្ពុ​ជា បាន​ថ្លែង​អំពាវនាវ​ដល់​មន្ដ្រី​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ បន្ដ​យក​ចិ​ត្ដ​ទុក​ដាក់​​ខ្ពស់​ និង​ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅតាម​បណ្ដា​ខេត្ដឱ្យ​​បាន​ទាន់ពេលវេលា​។​ ​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិតបន្ដថា ចំពោះ​គ្រោះធម្មជាតិ ដោយ​ទឹកជំនន់​នេះ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​យើង​ជាច្រើន​គ្រួសារ ទទួលរង​ការលំបាក ដូច្នេះ​សូម​មន្ដ្រី​ថ្នាក់​ដឹក​នាំ​​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវតែ​បន្ដ​យក​ចិ​ត្ដ​ទុក​ដាក់ គ្រប់គ្រង​ស្ថានការណ៍​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោ​យ ពិសេស​ត្រូវ​ចុះជួយ​សង្គ្រោះ និង​ជន្លៀស​បងប្អូន ដែល​រងគ្រោះ​ទាំងអស់​ទៅរក​ទីទួល​មាន​សុវ​ត្ថិភាព ​និង​ផ្ដល់​ជា​ស្បៀង​សម្ភារផ្សេងៗ ដើម្បី​ជួយ​សម្រាល​នូវ​ទុក្ខលំបាក​របស់​ពួកគាត់។ ទន្ទឹមនេះ ​ពេល​ទឹក​ស្រក​ទៅវិញ គឺ​ត្រូវ​បន្ដ​ផ្គត់​ផ្ដ​ង់ ឬ​ផ្ដល់នូវ​ស្បៀង សម្ភារប្រើប្រាស់ ជូន​ដល់​បង​ប្អូន​​ប្រជាពលរដ្ឋ​យើង​ឱ្យ​បាន​គ្រប់គ្នា ព្រោះថា ផលដំណាំ​មួយចំនួន និង​លំនៅឋាន​របស់​ពួក​គាត់​ ក៏ត្រូវ​បាន​ខូ​ត​ខាត​ផងដែរ​។​ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ថា​សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់ ក៏ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះធម្មជាតិ ដោយ​ទឹក​ជំន​ន់​​នេះ​ផងដែរ ត្រូវការពារ​កូនៗ​កុំឱ្យ​លេង​ទឹក ត្រូវ​ពិសារ​ទឹក​ដែល​ដាំ​ពុះ ពិសេស​ត្រូវ​សម្អាត​ទី​ទួល​​ដែលយើង​រស់​នៅឱ្យបាន​ស្អាត ហើយ​ពេល​ទឹកជំនន់​នៅតែ​បន្ដ​កើនឡើង​នេះ ក៏មាន​នូវ​សត្វ​ពស់​​ច្រើន​ផងដែរ។ ដូចនេះ​ប្រុងប្រយ័ត្ន​ជានិច្ច ហើយ​បើ​មាន​ពស់​ចឹក ត្រូវ​ទៅកាន់​មន្ទីរពេទ្យ ឬ​មណ្ឌ​ល​សុខភាព ដែល​នៅ​ជិត​បងប្អូន​ជាបន្ទាន់​។​

​សម្ដេច​កិ​តិ្ដ​ព្រឹទ្ធ​បណ្ឌិត​បាន​ថ្លែង​បន្ថែម​ទៀ​ត​ថា​ ពេល​ទឹកជំនន់​បាន​ស្រក​ទៅវិញ សូម​បងប្អូន​ប្រជាពលរដ្ឋ សម្អាត​ជុំវិញ​ទីធ្លា​ផ្ទះ​របស់​យើង​ឱ្យ​​បាន​ស្អាត ហើយ​បើ​មាន​អណ្ដូង ត្រូវ​លាង​សម្អាត​ឡើងវិញ ព្រោះ​ពេល​ទឹក​លិច គឺមាន​មេ​រោគ​​ជាច្រើន​បាន​ហូរ​ចូល ហេតុនេះហើយ ដើម្បី​ជៀសវាង​ឆ្លង​នូវ​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ សូម​បងប្អូ​ន​​ហូប​ស្អាត បរិស្ថាន​ជុំវិញ​ផ្ទះ​ស្អាត​ជានិច្ច​។

ឯកឧត្ដម​​ លី ឡេង អភិបាលខេត្ត​ត្បូងឃ្មុំ បានឱ្យដឹងថា ខេត្ត​ត្បូងឃ្មុំ មាន​ក្រុង​១​គឺ​ក្រុង​សួង និង​ស្រុក​៦ គឺ​ស្រុក​ត្បូងឃ្មុំ អូររាំងឪ តំបែរ ពញាក្រែក មេមត់ និង​ស្រុក​ក្រូចឆ្មារ ហើយ​មាន​ប្រជាពលរដ្ឋ​ជាង​១៨​ម៉ឺន​គ្រួសារ ស្មើនឹង​ជាង​៨២​ម៉ឺន​នាក់​។ ឯកឧត្ដម​បាន​លើកឡើងថា ស្រុក​មួយ​ចំនួន​នៅ​ខេត្ត​ត្បូងឃ្មុំ តែងតែ​ទទួលរង​ឥទ្ធិពល​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​ជា​ញឹកញាប់ ដូ​ច​ជា​ស្រុក​ត្បូងឃ្មុំ ​អូររាំងឪ តំបែរ មេមត់​ និង​ស្រុក​ក្រូចឆ្មារ​។​ដោយឡែក​ស្រុក​ត្បូងឃ្មុំ ក្រូចឆ្មារ និង​មួយផ្នែក នៃ​ស្រុក​អូររាំងឪ​តែងតែ​ជួប​ផលប៉ះពាល់​ដោយ​គ្រោះ​ទឹក ជំនន់​ទន្លេមេគង្គ​។ ​ចាប់ពី​ចុងខែ​កក្កដា​២០១៨​កន្លងមកនេះ ទឹកទន្លេ​បានចាប់ផ្តើម​ឡើង​បណ្តើរៗ គិត​ត្រឹម​ថ្ងៃទី០​២ ​ខែសី​ហា​២០១៨ ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ចំនួន​១.៤៤២​គ្រួសារ នៅ​ក្នុង​ឃុំ​ចំនួន​៣ នៃ​ស្រុក​ត្បូងឃ្មុំ​។ ដោយឡែក​នៅ​ស្រុក​ក្រូចឆ្មារ​មាន​ឃុំ​ចំនួន​៣ ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ គឺ​ឃុំ​កោះ​ពីរ ​មាន​ប្រជាពលរដ្ឋ​ចំនួន​៦០៣​គ្រួសារ ឃុំ​កំពង់ទ្រាស​២.០៦៨​គ្រួសារ ឃុំ​ព្រែក​អា​ជី​១.៣៦៦​គ្រួសារ សរុប​ទាំងបី​ឃុំ​មាន​៤.០៣៧​គ្រួសារ។ ដោយឡែក បង​ប្អូន​​ដែល​អញ្ជើញ​មក​ផ្ទាល់​នៅ​ទីទួល នាពេលនេះ មាន​ចំនួន​២​ឃុំ គឺ​ឃុំ​កោះ​ពីរ និង​ឃុំ​កំពង់​ទ្រា​ស​​ស​រុ​ប​ ​២.៦៧១​គ្រួសារ ក្នុងនោះ​បងប្អូន​ខ្មែរឥស្លាម​មាន​១.៣៥០​គ្រួសារ​។ ​ក្រៅពី​ការលិច​លង់​​ផ្ទះសម្បែង លំនៅឋាន​បងប្អូន​ប្រជាពលរដ្ឋ ទឹកជំនន់​ឆ្នាំនេះ​ការបង្ក​ឱ្យ​មានការ​ខូចខាត ផល​ដំណាំ​បងប្អូន​ប្រជាពលរដ្ឋ​យើង ជាច្រើន​ហិកតា​ផងដែរ​ដូចជា ស្រូវពង្រោះ​៧៦៥​ហិកតា​,​ដំឡូង​​មី​៣៥​ហិកតា ពោត​១.៣៧៩​ហិកតា អំពៅ​៥២​ហិកតា និង​បន្លែ​គ្រប់មុខ​១៨​ហិកតា ព្រម​ទាំង​​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន រួមមាន​សាលារៀន​១៧​កន្លែង ក្នុងនោះ​សាលា​អ៊ីស្លាម​ចំនួន​១២​ មណ្ឌល​សុខភាព​៤​កន្លែង វត្ត​ព្រះពុទ្ធសាសនា​១០​វត្ត វិហារ​ឥស្លាម​៦​សូ​រ៉ាវ​២១​ផ្លូវ​បេតុង​ប្រវែង​​៤០​គម​ផ្លូវលំ​៩៣​ខ្សែ​។

ជាមួយគ្នានេះ សម្រាប់អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយ ទឹកជំនន់​នៅ​ស្រុក​ក្រូចឆ្មារ​នេះ ក្នុង​មួយ​គ្រួសារៗ ទទួលបាន​អង្ករ ៣០​គីឡូក្រាម ​មី ១​កេស ត្រីខ ១០​កំប៉ុង ឃី​ត (​សារុង ក្រ​មា មុង​ភួយ​) ១​ឃី​ត ក្រណាត់ស​១​ដុំ ក្នុងនោះ មាន​ថវិកា​១០.០០០​រៀល នំប៉័ង ១​ដើម ទឹក​សុទ្ធ​១​ដប​។ ក្រៅពីនេះ កាកបាទក្រហម ក៏បាន​ត្រៀម​បំរុង​ទុក​ជាមួយ​ស្បៀង សម្ភារ​សម្រាប់​២៩​​គ្រួសារ​បន្ថែមទៀត និង​បាន​ដឹក​ស្បៀង សម្ភារមក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ខេត្ត​ត្បូងឃ្មុំ ចំនួន​១.៣​៦៦​​គ្រួសារ​បន្ថែម សម្រាប់​ចែក​នៅ​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ​។​

គួរបញ្ជាក់ដែរថា កាលពី​ថ្ងៃទី០​២ ខែសីហា ឆ្នាំ​២០១៨ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ដល់​គ្រួសារ​រងគ្រោះ ដោយ​ទឹកជំនន់ ចំនួន​១.៤៤២​គ្រួសារ ដែល​រស់នៅ ភូមិ​ទន្លេ​បិទ​លើ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ដ​ត្បូងឃ្មុំ​ និង​កាលពី​ថ្ងៃទី​០៣​សីហា សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ក៏បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​២.០០០​នាក់ នៅ​ឃុំ​កោះសំរោង ស្រុក​កំពង់សៀម ខេត្ដ​កំពង់ចាមផងដែរ​៕

ដោយ ជឹម ណារី