ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងកសិកម្មត្រៀមផ្តល់បច្ចេកទេសដាំដំណាំចេកអំបូងលឿង ដល់ប្រជាកសិករ សំរាប់នាំចេញទៅទីផ្សារប្រទេសចិន

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ឌីណេ ៖

ក្រសួងកសិកម្មត្រៀមផ្តល់បច្ចេកទេស ដាំដុះដំណាំចេកអំបូងពណ៌លឿង ដល់ប្រជាកសិករ សំរាប់នាំចេញទៅទីផ្សារប្រទេសចិន ដើម្បីជួយបង្កើនសេដ្ឋកិច្ចនិងជីវភាពក្រុម គ្រួសារ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ បានអោយដឹងថា ក្រសួងនឹងបង្កើតក្រុមការងារសម្រាប់ចុះជួយបច្ចេកទេសដំាដុះដល់កសិករនិងកសិដ្ឋានណាដែលមានបំណងចង ដំាដំណាំចេកអំបូងពណ៌លឿង ដើម្បីពង្រីកដំណាំប្រភេទនេះអោយបានកាន់តែច្រើនសម្រាប់ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផង និងការនាំចេញផង។

ការជំរុញអោយកសិករមានបច្ចេកទេសដាំដំណាំចេកអំបូងពណ៌លឿងនេះបានធ្វើ ឡើងបន្ទាប់ពីរដ្ឋាភិបាល ចិនបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជាកាលពីដើមខែសីហាកន្លងមកនេះ ក្នុងការបើកឱកាសទីផ្សារទទួលយកភោគផលចេកអំបូងនេះពីទីផ្សារកម្ពុជា។

ឯ.ឧ រដ្ឋមន្រ្តីបានបញ្ជាក់ថា ចេកអំបូងពណ៌លឿងនេះ មានលក្ខណៈខុសប្លែកពីចេកអំបូងរបស់ប្រជាពលរដ្ឋដាំបច្ចុប្បន្ន ចេកណាំវ៉ា ឬចេកពងមាន់ គឺចេកនេះមានសំបកពណ៌លឿងហើយរក្សាទុកបានយូរ និងមានរស់ជាតិឆ្ងុយឆ្ងាញ់។

ចេកអំបូងលឿងនេះ នៅពេលដែលវាទំអាចរក្សាតទុកបានយ៉ាងតិច២សប្តាហ៍ ខុសប្លែកពីចេក របស់យើងបើទុំហើយគឺវាស្អុយតែម្តងព្រោះវាឡើងខ្មៅអុចៗ គឺគេខ្លាចអារឿងខ្មៅនឹង ដោយឡែកចេកអំបូងលឿងនេះ គឺជាចេកមួយដែលអាចរក្សាទុករយៈពេលជាង២សប្តាហ៍ ហើយត្រូវការផលិតពូជ និងនាំពូជតាមលក្ខណៈបណ្តុះពូជនេះ ការបណ្តុះទៅលើចាហួយ ជាជីលីការរបស់ចេកមកបណ្តុះលើចាហួយ ហើយយើងកាត់ពង្រីកទៅលើចាហួយនេះបន្ថែមទៀត នឹងត្រូវផ្សំកូនវាអោយបានកំពស់ប្រហែលជាងមួយចង្អាម បានយកទៅដាំផ្ទាល់ដីតែម្តង នេះជាពូជពិសេស មិនដូនចេកយើងចេះតែកោសដាំកោសដាំនោះទេ។

ឯឧ.ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា បច្ចុប្បន្ននៅកម្ពុជាមានកសិដ្ឋានដំាដំណាំចេកអំបូងពណ៌ លឿងនេះទើបតែចំនួន៥កន្លែងប៉ុណ្ណោះ មានដូចជានៅក្នុងខេត្តកំពត ក្រចេះ ស្ទឹងត្រែង និង ខេត្តរតនៈគិរី។

សូមបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ នឹងជំរុញការដំាចេកអំបូងពណ៌លឿងនេះអោយបានលើ ផ្ទៃដីជាង៥ពាន់ហិកតា និងការនាំចេញទៅក្រៅប្រទេស ជាង៣០ម៉ឺនតោនក្នុងមួយឆ្នាំៗ៕