ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អំពាវនាវដល់ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះ កូន ចៅតូចៗ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម ក្នុងឱកាសចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន៨៩គ្រួសារ ស្ថិតនៅក្នុងភូមិរដ្ឋមុនី ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០១៨នេះ បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះ កូន ចៅតូចៗ កុំឲ្យលេងទឹកនិងត្រូវពិសាទឹកដែលដាំពុះ ពិសេសត្រូវសម្អាតទីទួលដែល រស់នៅ ឲ្យមានបរិស្ថានល្អ ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការឆ្លងនូវជម្ងឺផ្សេងៗ ហើយពេលទឹកជំនន់នៅតែបន្ដកើនឡើងទៀតនោះ ក៏មាននូវសត្វអាសេរ្ពិស ច្រើនផងដែរ ។

យោងតាមរបាយការណ៍របស់មន្ត្រីគ្រោះមហន្តរាយខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី១០សីហានេះ មានមនុស្សក្មេងចាស់៩នាក់ហើយ នៅក្នុងខេត្តកំពង់ចាម បានបាត់បង់ជីវិត ដោយ សារលង់ទឹក ក្នុងកំឡុងពេលទឹកជំនន់ គឺ មាននៅក្នុងស្រុកកំពង់សៀម ស្ទឹងត្រង់ បាធាយ ព្រៃឈរ កងមាស និងក្រុងកំពង់ចាម ។របាយការណ៍ បានបន្តថា មកទល់ពេលនេះ ប្រជាពលរដ្ឋជិតពីរពាន់នាក់ និងសត្វពាហនៈ ជិត ពីរពាន់ក្បាល ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ចំនួន១២កន្លែង ខណៈដែលទឹកជំនន់ កំពុងយាយីស្រុកចំនួន៩ ក្នុងចំណោមស្រុកក្រុងចំនួន១០របស់ខេត្ត ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋជាង២ម៉ឺន២ ពាន់គ្រួសារ ដំណាំកសិកម្ម ជាង៥ពាន់ហិកតា វត្តអារាម សាលារៀន មណ្ឌលសុខភាព ផ្លូវ ស្ពាន ក៏មានការប៉ះពាល់ដោយសារការបាក់ច្រាំងទន្លេផងដែរ ៕