ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងវប្បធម៌ជួយឱ្យយុវជនកម្ពុជាមានសមត្ថភាពអ្នកបច្ចេកទេសផលិតភាពយន្ត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជួយឱ្យយុវជនកម្ពុជាមានសមត្ថភាពអ្នកបច្ចេកទេសផលិតភាពយន្ត ខណៈបច្ចុប្បន្នការផលិតភាពយន្តក្នុងស្រុក សម្រាប់ចាក់បញ្ចាំងតាមរោងភាពយន្តមានចំនួនប្រហែល១៥ភាគរយ បើធៀបនឹងស្នាដៃភាពយន្តបរទេសដែលនាំចូលមកចាក់បញ្ចាំង។

ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្រសួងបានដាក់ការងារបណ្តុះបណ្តាលធនធានមនុស្សលើវិស័យភាពយន្ត គឺជាអាទិភាពក្នុងការពង្រឹងសមត្ថភាពអ្នកបច្ចេកទេសភាពយន្តក្នុងស្រុកឱ្យមានកម្រិតឈានឡើង សំដៅលើកកម្ពស់គុណភាពភាពយន្តក្នុងស្រុកឱ្យកាន់តែល្អប្រសើរឡើង សម្រាប់បំពេញសេចក្តីត្រូវការរបស់ទស្សនិកជនក្នុងស្រុក និងឈានទៅរកការប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញសរសេរអត្ថបទភាពយន្ត ជំនាញដឹកនាំរឿង និងជំនាញថតភាពយន្ត នៅឯនាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែសីហានេះ ឯកឧត្តមបានបញ្ជាក់ថា យុវជន គឺជាធនធានដ៏សំខាន់ និងមិនអាចខ្វះបាន ក្នុងការទទួលបានការបណ្តុះបណ្តាល ចំណេះដឹង និងបទពិសោធន៍ថ្មីៗពាក់ព័ន្ធនឹងការសរសេរអត្ថបទភាពយន្ត ការដឹកនាំរឿង និងការថតរឿង ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យភាពយន្តនៅកម្ពុជា ដែលកំពុងប្រឈមការហូរចូលផលិតផលភាពយន្តបរទេស។

ឯកឧត្តមបន្តថា វិស័យភាពយន្ត រួមចំណែកដល់ការការពារ ថែរក្សាកេរដំណែលវប្បធម៌ និងការពង្រឹងអត្តសញ្ញាណជាតិ។ ទោះជាយ៉ាងនេះក្តី ឯកឧត្តមទទួលស្គាល់ថា ធនធានមនុស្សក្នុងវិស័យភាពយន្ត មានចំនួនតិចតួច ដោយសារតែកម្ពុជាមិនទាន់មានសាលាបណ្តុះបណ្តាលជំនាញភាពយន្តនៅឡើយ។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានឱ្យដឹងថា យុវជនកម្ពុជាជាង៩០នាក់ ត្រូវបានទទួលការបណ្តុះបណ្តាលលើវិស័យភាពភាពយន្តជាតិរយៈពេល៣ខែ ពីគ្រូនិពន្ធ ដឹកនាំរឿង និងបច្ចេកទេសទាំងក្នុងស្រុក និងបរទេស ដែលមានជំនាញ និងបទសោធន៍ជាង៣០ឆ្នាំមកហើយ។

យុវជន អុន ផានិត ដែលស្រលាញ់វិស័យភាពយន្ត ដោយក្នុងនោះធ្លាប់បានផលិតភាពយន្តខ្លីៗផ្ទាល់ខ្លួន មានរយៈពេលត្រឹម៥នាទីរហូតចំនួន២៩រឿងផងនោះ លើកឡើងថា នេះជាឱកាសដ៏ល្អសម្រាប់យុវជនកម្ពុជាឈានទៅចាប់ជំនាញវិជ្ជាជីវៈនេះដ៏ពិតប្រាកដ។

យោងតាមរបាយការណ៍របស់នាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០១៨ មានផលិតកម្មភាពយន្តក្នុងស្រុកចំនួន៣០រឿងហើយ ដែលសុំអនុញ្ញាតថត ចំណែកផលិតកម្មបរទេសដែលស្នើសុំថតនៅកម្ពុជាដែរនោះមានចំនួន២០គម្រោងពាក់ព័ន្ធពាន់ នឹងការថតភាពយន្តឯកសារ៕