ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាឲ្យអាជ្ញាធរត្រូវការពារសណ្ដាប់ធ្នាប់ឲ្យល្អ នៅពេលគ.ជ.ប ប្រកាសលទ្ធផល បោះឆ្នោតបណ្ដោះអាសន្ន

វិទ្យុជាតិកម្ពុជា៖ ជួន បូណា៖

បន្ទាប់ពីការបោះឆ្នោតជ្រើសតំាងតំណាងរាស្ដ្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានបញ្ចប់ទៅដោយរលូននោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ដែលជាថ្ងៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលបោះឆ្នោត ជាបណ្ដោះអាសន្ន។

យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា គណៈបញ្ជាការ សន្តិសុខ អចិន្ត្រយ៍ និងអភិបាល រាជធានី-ខេត្តត្រូវយកចិត្ដទុកដាក់លើផ្នែកសន្ដិសុខ នៅថ្ងៃទី១១ សីហា ដោយសារគ.ជ.ប នឹងប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ។ ម្យ៉ាងវិញទៀត ប្រសិនមិនមានពាក្យបណ្តឹងទេ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការពីចំនួនអាសន:សម្រាប់ នីតិកាលទី៦ ។

សម្ដេចក្រឡាហោម ស ខេងមានប្រសាសន៍បន្ដថា “ហេតុនេះ សូមសមត្ថកិច្ច រួមមានគណបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ គណបញ្ជាការឯកភាពគ្រប់ថ្នាក់យកចិត្តទុកដាក់ ចាត់ចែងសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានល្អប្រសើរការពារព្រឹត្តិការណ៍ដ៏មានសារ:សំខាន់ជាប្រវត្តិសាស្រ្តនេះ”។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតំាងតំណាងរាស្ដ្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងមកនេះ មានគណបក្សនយោបាយ ចូលរួមបោះឆ្នោតមានចំនួន២០គណបក្ស និងមានអ្នកចូលបោះឆ្នោតជាង៨០% ផងដែរ៕