ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលរាជធានី ណែនាំប្រធានផ្សារទួលទំពូង និងអភិបាលខណ្ឌចំការមន រៀបចំសណ្តាប់ធ្នាប់ទាំងក្នុងនិងក្រៅផ្សារឲ្យបានល្អ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ អ៊ួង វុធ រូបថត លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យគណកម្មការផ្សារទួលទំពូង និងអភិបាលខណ្ឌចំការមន ធ្វើយ៉ាងណាសហការគ្នារៀបចំសណ្តាប់ធ្នាប់ ទាំងក្នុង និងក្រៅផ្សារឲ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយបានកាន់តែប្រសើរឡើង ព្រោះផ្សារមួយនេះមានភ្ញៀវបរទេសចំរុះជាតិសាសន៏ចូលទិញរបស់របរវត្ថុអនុស្សាវរីយ៏ និងទស្សនាច្រើន។

ក្នុងដំណើរចុះ សួរសុខទុក្ខអាជីវករលក់ដូរ និងត្រួតពិនិត្យមើលសណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងផ្សារ ទួលទំពូង កាលពីព្រឹកថ្ងៃទី ១០ សីហា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាន ធ្វើការណែនាំឲ្យប្រធានផ្សារ និងអភិបាលខណ្ឌចំការមន ធ្វើការរៀបចំសណ្តាប់ធ្នាប់ ទាំងក្នុងនិងក្រៅផ្សារទួលទំពូងឲ្យមានសណ្តាប់បានកាន់តែប្រសើរឡើងបន្ថែមទៀត ខណៈដែលផ្សារមួយនេះឃើញថា មានសណ្តាប់ធ្នាប់ល្អប្រសើរបានមួយកំរិត លើផ្នែកបរិស្ថាន ក៏ដូចជាការរៀបចំសណ្តាប់ធ្នាប់ ក្នុងចំណោមផ្សារទាំងអស់នៅរាជធានីភ្នំពេញ។

ក្នុងនោះ ឯកឧត្តម អភិបាល ក៏បានបញ្ជាឲ្យ ប្រធានផ្សារ ត្រូវបង្កើនការយកចិត្ទទុកដាក់ រៀបចំសណ្តាប់ធ្នាប់ខាងក្នុងផ្សារឲ្យបានល្អ បន្ថែមទៀត ពោលគឺត្រូវបើកផ្លូវឲ្យបានធំទូលាយ ងាយស្រួលប្រជាពលរដ្ឋ ក៏ដូចភ្ញៀវជាតិ និងអន្តរជាតិចូលទិញរបស់របរ។

ដោយឡែក នៅខាងក្រៅបរិវេនផ្សារ ឯកឧត្តម ក៏បានជំរុញឲ្យ អភិបាលខណ្ឌ ចំការមនធ្វើយ៉ាងណារៀបចំសណ្តាប់ធ្នាប់នៅតាមមុខផ្ទះជុំវិញផ្សារ ពិសេសគឺការជំរុញឲ្យកាត់ទំលាក់ខ្សែភ្លើង ខ្សែកាបដែលមានសភាពរញ៉េរញ៉ៃ នៅតាមបង្គោលភ្លើង ត្រូវរុះចេញបន្ទាប់ ធ្វើលឿនកាន់តែល្អ ដើម្បីឲ្យ បរិវេននៅជុំវិញផ្សារ មានសោភណ្ឌភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយកាន់តែប្រសើរឡើង។

លោក ចំរើន សុខលីម ប្រធានផ្សារទួលទំពូងបានឲ្យដឹងថា បច្ចុប្បន្ន ផ្សារទួលទំពូងមានតូបអាជីវករលក់ដូរសរុបចំនួន ១៣៧៤តូប ក្នុងនោះតូបភាគច្រើន គឺលក់វត្ថុអនុស្សាវរីយដែលមានរចនាបទខ្មែរបុរាណ មានតូបលក់គ្រឿងបន្លាស់ម៉ូតូ និងតូបលក់ខោអាវមួយចំនួន។

លោកបន្តថា ចំពោះបញ្ហាសណ្តាប់ធ្នាប់ របៀបរៀបរយទាំងក្នុង និងក្រៅផ្សារនោះ គណៈកម្មការផ្សារ មានផែនការរៀបចំបានល្អមួយកំរិត ដោយក្នុង១សប្តាហ៍ត្រូវ បាញ់ទឹកជូតលាងសំអាតអនាម័យ ចំនួនពីរដងជាប្រចាំ ហើយអ្វីដែលសំខាន់នោះ គឺការយកភាស៊ីត្រូវបានអនុវត្តទៅតាមសៀវភៅបន្ទក់របស់មន្ទីរហិរញ្ញវត្ថុ ៕