ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ព្រឹត្តិការណ៍ Asia Cross Country Rally 2018 ចេញដំណើរប្រកួតពីប្រទេសថៃ និងបញ្ចប់នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨–កីឡាករយានយន្តកម្ពុជាមកពីក្លិប KARA គាំទ្រដោយសហព័ន្ធកីឡាយាន្តកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លង កាត់ឧបសគ្គ កម្រិតអាស៊ី Asia Cross Country Rally 2018 ដែលគ្រោងនឹងចាប់ផ្តើមចេញដំណើរប្រកួតពី ប្រទេសថៃ និងឆ្លងចូលមកបណ្តាខេត្តមួយចំនួននៃទឹកដីកម្ពុជា និងបញ្ចប់នៅរាជធានី ភ្នំពេញ។

នេះបើតាមការប្រកាសឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅភោជនីយដ្ឋាន Moto Café។

តំណាងក្លិប KARA លោក ហូ សិទ្ធិគុណ បានគូសបញ្ជាក់ថា ការប្រកួតនេះ នឹងត្រូវចេញ ដំណើរពីប៉ាតាយ៉ាប្រទេសថៃ មកបញ្ចប់នៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយនេះគឺជាការចូលរួមជាលើកទី៣របស់អត្តពលិកកម្ពុជា ដែលកម្ពុជាបានបញ្ជូនកីឡាករ-កីឡា ការិនីចូលរួមប្រណាំងរថយន្ដ និងម៉ូតូឆ្លងកាត់ឧបសគ្គ ដោយមានរថយន្ដប្រណាំង៣គ្រឿង និងរថយន្ដជំនួយ ២គ្រឿងស្មើនឹងសមាជិក ១៣នាក់ និងម៉ូតូ ៣គ្រឿងស្មើនឹងសមាជិក ៦នាក់ សរុបមានគ្នា១៩នាក់ ដោយនឹងចាប់ផ្តើមពីប៉ាតាយ៉ានៅថ្ងៃទី១៣ ខែសីហា ហើយមក ដល់រាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបិទ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។ លោកបាន អះអាងថា សម្រាប់ការចូលរួមប្រកួតលើកនេះ កីឡាករកម្ពុជានឹងខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីប្រជែងនូវលទ្ធផលដ៏គាប់ប្រសើរមួយយកមកជូនជាតិ បើទោះជាការប្រកួតនេះ ត្រូវឆ្លង កាត់ឧបសគ្គជាច្រើន និងប្លង់នៃផ្លូវដែលត្រូវប្រណាំងមិនឱ្យកីឡាករ-កីឡាការិនីចូលរួម ទាំង អស់ដឹងមុននោះឡើយ ពោលគឺគណៈកម្មការបច្ចេកទេសឱ្យប្លង់ផែនទីបង្ហាញផ្លូវ ត្រឹម១យប់ មុនប៉ុណ្ណោះ។

លោក សូ ឃុនវីរៈ តំណាងឯកឧត្តម មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជាបាននាំយកការផ្តាំផ្ញើដល់កីឡាករកម្ពុជាទាំងអស់ធ្វើយ៉ាងណាគិតគូលើសុខភាព សុវត្ថិភាពជាចម្បង ពីព្រោះថា ការប្រកួតកីឡាយានយន្តនេះ ប្រកបដោយគ្រោះថ្នាក់ និង ឧបសគ្គជាច្រើន។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្ដ និងម៉ូតូឆ្លងកាត់ឧបសគ្គឆ្នាំ២០១៨នេះ ត្រូវប្រកួតឆ្លងកាត់ និងថៃ-កម្ពុជា ដោយមានអត្តពលិកមកពី៩ប្រទេសចូលរួមមានកម្ពុជា ជប៉ុន ឥណ្ឌូណេស៊ី សាធារណកូរ៉េ ម៉ាឡេស៊ី ព្រុយណេ តៃវ៉ាន់ អូស្ដ្រាលី និងប្រទេសថៃ ដែលមានរថយន្ដប្រណាំង និងរថយន្ដជំនួយសរុប១២៧គ្រឿង និងម៉ូតូប្រណាំង២៥គ្រឿង សរុបប្រតិភូ មន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនី មានចំនួន៣៥០នាក់។

ការប្រកួតនេះគឺ ជាការប្រកួតទ្វីបអាស៊ី លើកទី២១ ដែលមានចម្ងាយផ្លូវ ២.៤០០គីឡូម៉ែត្រ ក្នុងនោះមានផ្លូវមានឧបសគ្គ៨៤០គីឡូម៉ែត្រ។ ចំពោះពិធីបិទគ្រោងនឹងធ្វើឡើងរាជធានីភ្នំពេញ និងក្រោម អធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រី ក្រសួងបរិស្ថាន៕


ដោយ ហេង ណាលីន