ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណបក្សប្រជាធិបតេយ្យសេរីរបស់ជប៉ុន ដែលកំពុងកាន់អំណាច អបអរសាទរការបោះឆ្នោតនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨–​​គណបក្សប្រជាធិបតេយ្យសេរី របស់ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បាន​ស​ម្ដែងនូវការអបអរសាទរ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះ ដ៏ត្រ​ចះ​​​ត្រចង់បំផុត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែ​ក​ក្ក​ដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។

​ការអបអរសាទរនេះ បានធ្វើឡើងតាមរយៈលិខិតរបស់ ឯកឧត្តម តូស៊ីរ៉ូ នីកៃ អគ្គលេ​ខា​​​​ធិការ គណបក្សប្រជាធិបតេយ្យសេរី និងជាសមាជិកសភាតំណាងរាស្រ្តជប៉ុន ដែលត្រូវ​បា​ន​ ឯកឧត្តម ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា (Masahi Imamura) សមាជិកសភាជប៉ុន នាំយកសារ​លិខិត​ជូ​ន ដោយផ្ទាល់ដៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ច​ក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងជំនួបដែលធ្វើឡើងកាលពីព្រឹក​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ២០១៨​ នៅភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល។

​សារលិខិតរបស់ឯកឧត្តម តូស៊ីរ៉ូ នីកៃ អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរីជប៉ុន តូស៊ីរ៉ូ នីកៃ បានគូសបញ្ជាក់ថា ឯក​ឧត្ត​ម​សូម​​អបអរសាទរ អស់ពីដួងចិត្តចំពោះសម្តេចតេជោ ក្នុងឱកាសដែលគណបក្សរបស់​ស​ម្តេច​​បានទទួលជ័យជម្នះ ដ៏ លើសលុបនៅក្នុងការបោះឆ្នោតជាសកល។ តាមរយៈសារលិខិត​នោះ​ដែរ ឯកឧត្តមអគ្គលេខាធិ​ការ បានសម្ដែងនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំរប​ស់ សម្តេចតេជោដែលបានធ្វើ​ឱ្យប្រទេសកម្ពុជា អាចឆ្លងចាកផុតពីដំណាក់កាលដ៏សែន​អកុ​ស​​លនៃសង្រ្គាម ហើយបានបោះ​ជំហានយ៉ាងស្វាហាប់ឆ្ពោះទៅកាន់ ការកសាងឡើងវិញ និង​វិបុល​ភាព។ ជាមួយនឹងការអបអរសាទរនោះដែរ គណបក្សដែលកំពុងដឹកនាំរដ្ឋាភិបាលជប៉ុន ក៏​បានអះ​អាងផងដែរថា នឹងធ្វើការជា​មួយ សម្តេចតេជោ ហ៊ុន សែន ដើម្បីកសាងទំនាក់ទំនង​រវា​ងប្រទេសទាំងពីរកម្ពុជា ជប៉ុន ឱ្យកាន់ តែរឹងមាំថែមទៀត។

​សូមបញ្ជាក់ដែរថា ក្រៅពីគណបក្សកាន់អំណាចរបស់ជប៉ុន ក៏មានប្រទេសជាច្រើន លើ​ពិភពលោក បានផ្ញើនូវសារលិខិតជូនពរជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលទទួលបាន​ជោគ​ជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ជាបន្តបន្ទាប់ ក្នុងនោះរួម មាន​សារលិខិតមកពីប្រទេសចិន រុស្ស៊ី ឥណ្ឌា ហ្វីលីពីន ថៃ ឡាវ និងប្រទេសវៀតណាម ជា​ដើម​ផងដែរ៕

ដោយ ជឹម ណារី