ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វៀតណាមស្វាគមន៍អ្នកចូលរួមជាង ៨០០នាក់ សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ — វៀតណាមរំពឹងថា នឹងទទួលស្វាគមន៍ថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រុមឈានមុខគេនៅក្នុងពិភពលោក អង្គការសង្គមស៊ីវិល និងតំណាងប្រព័ន្ធផ្សព្វផ្សាយជាង៨០០នាក់ សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ( WEF) ស្តីពីអាស៊ាន ដែលគ្រោងធ្វើនៅក្នុងខែកញ្ញាខាងមុខនេះ នៅទីក្រុងហាណូយ។
វេទិកានេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកញ្ញា ក្រោមប្រធានបទអាស៊ាន ៤.០ : ភាពជាសហគ្រិន និងបដិវត្តន៍ឧស្សាហកម្មទីបួន។ សរុបទាំងអស់នាយករដ្ឋមន្រ្តី ប្រធានាធិបតី និងទីប្រឹក្សារដ្ឋនៃបណ្តាប្រទេសនៅអាស៊ានចំនួន ៨ នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។

សេចក្តីប្រកាសព័ត៌មានរបស់ WEF បានឱ្យដឹងថា ក្នុងចំណោមប្រមុខរដ្ឋ ឬរដ្ឋាភិបាលដែលបានចុះឈ្មោះរួចរាល់រួមមាន ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Tun Dr Mahathir bin Mohamad និងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi។

លោក Justin Wood នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៅវេទិកាសេដ្ឋកិច្ចពិភពលោកបាននិយាយថា «តំបន់អាស៊ានបច្ចុប្បន្ននេះ គឺជាចំណុចលេចធ្លោមួយរបស់ពិភពលោកសម្រាប់កំណើនសេដ្ឋកិច្ច ហើយវត្តមានរបស់ពួកគេបានបង្ហាញពីការប្តេជ្ញាចិត្តដែលពួកគេត្រូវធានាថា នេះគឺជាករណីនៃការពង្រីកវិសាលភាពនៃបដិវត្តន៍ឧស្សាហកម្មទីបួន និងផលប៉ះពាល់សេដ្ឋកិច្ច ហើយបរិយាកាសភូមិសាស្រ្ត នយោបាយ ដែលនៅជុំវិញពួកគេក៏មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សផង ដែរ»៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)